ដោយ ៖ វុត្ថា
ភ្នំពេញ ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) អះអាងថា បើទោះបីពិភពលោក ក៏ដូចជាកម្ពុជាទទួលរងនូវផលប៉ះពាល់នូវជំងឺ Covid-19 កន្លងមកនេះក៏ដោយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលផលិតចំណីអាហារនៅក្នុងប្រទេសកម្ពុជា មិនមានផលប៉ះពាល់នោះទេ ។

លោកឧកញ៉ា តែ តាំងប៉ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «គម្រោងសហហិរញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម»នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ទាំងការផលិតចំណីអាហាររបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានកំណើនការផ្គត់ផ្គង់ក្នុងស្រុក គឺមិនព្រួយបារម្ភប៉ះពាល់ដោយ ជំងឺ Covid-19 ឡើយ ។
លោកបន្តថា អ្វីដែលមានផលប៉ះពាល់ខ្លាំង គឺសហគ្រាសធុនតូច និងមធ្យម (SMEs) ផលិតសម្លៀកបំពាក់ និងដេរស្បែកជើសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារតែប្រទេសទាំងនេះ ប្រកាសបិទទីផ្សារនាំចូលពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ក៏ដូចជាតំបន់ដទៃទៀត ដោយសារការព្រួយបារម្ភពីការឆ្លងនូវជំងឺ Covid-19 ។
លោកឧកញ៉ាថ្លែងថា “ ចឹងបានថា បញ្ហា SMEs ផ្នែកផលិតចំណីអាហារហ្នឹង…អត់មានបញ្ហាបារម្ភថាខ្ចីលុយគេហើយ ផលិតហើយ អត់នាំចេញទេ គឺមិនប៉ះពាល់ទេ តែបើប៉ះពាល់ គឺប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេរឯណោះទេ ដែលសហគមន៍អឺរ៉ុប និងអាមេរិកគេផ្អាក់ការបញ្ជាទិញ ។ ចំពោះ SMEs ដែលត្រូវដែលផលិតចំណីអាហារនេះ គឺមិនប៉ះពាល់ទេ” ។
លោកឧកញ៉ាបន្ថែមថា “ម្យ៉ាងតាំងពីយើងមានជំងឺ Covid-19 ផ្អាកការនាំចេញនូវផលិតផលសម្រេចពីបរទេស បានធ្វើឱ្យ SMEs យើងនៅក្នុងស្រុកលក់បាន តែបើប៉ះពាល់គឺសហគ្រាសដែលផលិត និងលក់ផលិតផលសម្រាប់ភ្ញៀវទេសចរមួយចំនួនប៉ុណ្ណោះ ដោយសារគេមិនអោយធ្វើចរាចរណ៍នៅក្នុងពិភពលោក។
លោក ឈា ឡាហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងដែរថា នៅក្នុងអំឡុងជំងឺ Covid-19 ប្រទេសនៅក្នុងពិភពលោក ក៏ដូចជាកម្ពុជាបាននឹងកំពុងជួយលើកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស ទាំងបច្ចេកទេស និងធនធាន ហើយការគិតគូរ ចាប់តាំងពីមុននៃការផ្ទុះឡើងនូវជំងឺ Covid-19 ។
លោកពន្យល់ថា សហគ្រាសធុនតូច និងមធ្យមនេះ ជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងការជំរុញសហគ្រាសធុនធំៗ ឱ្យដំណើរការ និងសេដ្ឋកិច្ចជាតិមានការរីកចំរើន ។
លោកថ្លែងថា តាមកាប៉ាន់ស្មានគឺមានប្រមាណជាង ៧ ម៉ឺនសហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេស តែ តាមទិន្ន័យរបស់ក្រសួងផែនការ ដែលបានធ្វើជំរឿនកាលពីកន្លងមកនេះ មានចំនួនជាង ៥៣ ម៉ឺន សហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេស ហើយ ពី ២ ម៉ឺនសហគ្រាសធុនតូច និងធម្យមត្រូវបានគ្រប់គ្រងដោយស្ថាប័នរដ្ឋ ឬ ក្រៅប្រព័ន្ធ ដោយក្នុងនោះមានកម្លាំងពលកម្មដែលកំពុងបំរើដល់វិស័យសហគ្រាសធុនតូច និងមធ្យមមានជាង១ លាននាក់៕






