ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានាចាប់ផ្តើមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ២០២០-២០៣០ ដើម្បីជំរុញដល់ការវិនិយោគលើគ្រប់វិស័យ។

នេះ បើយោងតាមកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ ដែលដឹកនាំដោយលោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។
លោក ខាយ ឃុនហេង ឱ្យដឹងថា ផែនការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ការបង្កើតការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងផ្តល់នូវទិសដៅបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការដោយផ្តោតការយកចិត្តទុកដាក់លើការខិតខំប្រឹងប្រែងសំខាន់ៗសំដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរវប្បធម៌រវាងគ្នា ក៏ដូចជាកសាងនូវសហគមន៍មួយដែលចែករំលែកអនាគតនៃសន្តិភាព និងវិបុលសុខជាមួយគ្នាក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។
ម្យ៉ាងវិញទៀត ផែនការនេះ ក៏នៅជួយដល់រដ្ឋាភិបាលនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ និងអនុវត្តគម្រោងនានាក្នុងការធ្វើអោយប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញការវិនិយោគ នៅក្នុងតំបន់មេគង្គ-ឡានឆាង។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើន បែងចែកជា ៤កម្រិត។ ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង ១ ឬ ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង ១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង ២ឆ្នាំម្តង។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលរួមអនាគត គ្នាប្រកបដោយសនិ្តភាព និងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។
មេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕






