ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន Gunung Capital Bhd ដែលបានចុះបញ្ជីនៅក្នុងប្រទេសម៉ាឡេស៊ី និងជាក្រុមហ៊ុនកាន់កាប់ការវិនិយោគជាចម្បងលើការដឹកជញ្ជូនផ្លូវគោក កំពុងស្វែងរកឱកាសក្នុងការទិញភាគហ៊ុន ២០ ភាគរយនៅក្នុងស្ថាប័នហិរញ្ញវត្ថុមួយនៅកម្ពុជា។

បណ្តាញសារព័ត៌មានម៉ាឡេស៊ី Bernama បានរាយការណ៍កាលពីម្សិលមិញនេះថា ថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុនត្រូវបានអញ្ជើញដោយអ្នកផ្សព្វផ្សាយ ដើម្បីទទួលបានការវាយតម្លៃសំណើរចូលរួមធ្វើអាជីវកម្មធនាគារនៅកម្ពុជា។
ថ្នាក់គ្រប់គ្រងក្រុមហ៊ុនបច្ចុប្បន្នកំពុងស្ថិតក្នុងការពិភាក្សាជឿនលឿនមួយទាក់ទងនឹងការចូលរួម នៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ ភាគីនានាក៏កំពុងពិភាក្សាគ្នាផងដែរស្តីពីតំរូវការគុណភាព និងបរិមាណដទៃទៀត ដូចជាបញ្ហាអភិបាលកិច្ច ដែលកំណត់ដោយអាជ្ញាធរពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាស្តីពីការចូលរួមភាគហ៊ុនបរទេស។
សារព័ត៌មាន Bernama បានរាយការណ៍ថា “នៅក្នុងដំណាក់កាលវាយតម្លៃ និងពិភាក្សានេះ ក្រុមហ៊ុនមិនអាចបញ្ជាក់ពីចំនួនទឹកប្រាក់នៃការវិនិយោគដែលពាក់ព័ន្ធនោះទេ”។
“នៅពេលបញ្ចប់ការវាយតម្លៃសំណើរ ហើយលទ្ធផលរំពឹងទុកនៃការវិនិយោគភាគហ៊ុនមានអត្ថប្រយោជន៍យ៉ាងច្រើនដល់ក្រុមហ៊ុន បន្ទាប់មក ថ្នាក់ដឹកនាំនឹងស្វែងរកឱកាស ចូលរួមភាគហ៊ុនប្រកបដោយអត្ថន័យយ៉ាងហោចណាស់ភាគហ៊ុន ២០ ភាគរយដើម្បីទទួលបានឱកាសវិនិយោគនេះ”៕







