កោះសេះ ទំហំ៥០០ហិកតា នឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ថ្មីនៃខេត្តកំពត

ចែករំលែក

ដោយ ៖ រ៉ាណេត

កំពត ៖ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពតគ្រោងនឹងរៀបចំកោះសេះដែលមានផ្ទៃដី៥០០ហិកតា ជាគោលដៅទេសចរណ៍ថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបន្ថែមទៀត ក្រៅពីតំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀតនៅក្នុងខេត្ត។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅអនុវត្តបន្តរបស់ខេត្តកំពត នៅទីស្ដីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះថា រដ្ឋបាលខេត្ត បាន និងកំពុងរៀបចំគោលដៅទេសចរណ៍ថ្មីនៅលើកោះសេះ ឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងកៀរគរឱ្យមានការវិនិយោគលើកោះមួយនេះ ដើម្បីរៀបចំឱ្យមានកញ្ចប់ទស្សនកិច្ចថ្មីសម្រាប់ខេត្តកំពត។

លោកបានបញ្ជាក់ថា “សក្ដានុពលទេសចរណ៍ដែលមាននៅលើកោះសេះ គឺមានភាពល្អប្រសើរស្រស់ស្អាត និងពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាងទាក់ទាញ ដែលស្ថិតនៅក្បែរព្រំដែនសមុទ្រជាមួយវៀតណាម។ ជាមួយគ្នានេះរាល់ការវិនិយោគនៅតំបន់ទេសចរណ៍នេះ ត្រូវមានប្លង់គោល និងប្លង់មេអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ មិនអាចធ្វើដោយគ្មានការឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់អាជ្ញាធរខេត្ត ឬរាជរដ្ឋាភិបាលនោះឡើយ”។

យោងតាម Wikipedia បានឱ្យដឹងថា កោះសេះ គឺជាកោះមួយរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឈូងសមុទ្រថៃ នៅខាងក្នុងឧទ្យានជាតិរាមខេត្តព្រះសីហនុ ដែលមានចម្ងាយ១,៥ គីឡូម៉ែត្រខាងត្បូងកោះថ្មី និងប្រហែល៩គីឡូម៉ែត្រ ខាងត្បូងដីសំខាន់នៃឃុំរាមខេត្តព្រះសីហនុ និងមានចម្ងាយ៤.៣ គីឡូម៉ែត្រពីកោះត្រល់ ឬកោះភូគុក ។

ជាមួយនឹងគោលបំណង ដើម្បីធ្វើឱ្យខេត្តកំពតមានសក្ដានុពល និងកាន់តែមានភាពទាក់ទាញផងនោះ កាលពីពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានកំណត់យកខេត្តកំពតធ្វើជាខេត្តគំរូក្នុងការរៀបចំវិថីម្ហូបអាហារ (Food Street) ជំរុញឱ្យកសាងផ្លូវដាក់ភ្លើងបំភ្លឺទៅកាន់កំពង់ផែទេសចរណ៍ថ្មី រៀបចំចាក់ខ្សាច់បង្កើតឆ្នេរកំពតថ្មី ពង្រឹងគុណភាពសេវាដឹកជញ្ជូនទេសចរតាមផ្លូវទឹក និងរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តកំពត ត្រូវពង្រឹងសេវាកម្មឱ្យបានល្អប្រសើរឡើងវិញជាដើម៕


ចែករំលែក