ADB គ្រោងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ១៣០០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ប្រទេស

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២១-២០២៣ គ្រោងគ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១៣០០លានដុល្លារ ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ ។

រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារស្ដីពីការរៀបចំកម្មវិធី គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២១-២០២៣ នៅទីស្ដីក្រសួងជាមួយនាយិកាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ តាមរយៈ Video Conferenceថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្តល់នូវអាទិភាពខ្ពស់បំផុតទៅលើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលកំពុងរាតត្បាតលើសាកលលោក។

លោក វង្សី វិស្សុត មានប្រសាសថា “ក្នុងបរិការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបាន ផ្តល់នូវអាទិភាពខ្ពស់បំផុត លើកិច្ចការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង, ការចម្លង និងការពារអាយុជីវិតរបស់ប្រជាជន។ ជាក់ស្តែងចំនួននៃការឆ្លងមានត្រឹមតែ ១២២ ករណីប៉ុណ្ណោះ ដែលភាគច្រើននៃការឆ្លង ជម្ងឺនេះ គឺការនាំចូល ឬមានប្រភពខាងក្រៅ និងមួយចំនួនតូច ជាការឆ្លងបន្តទៅប្រជាពលរដ្ឋក្នុងស្រុក”។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ផ្តោតការយកចិត្តទុកដាក់ លើការជួយអន្តរាគមន៍ ដើម្បីការរក្សាលំនឹង ជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ ការងារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជំនួយសង្គម, ការបន្តអនុវត្ត គម្រោងសាច់ប្រាក់ពលកម្ម និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ នៅពេលដែលរោងចក្រព្យួរអាជីវកម្ម។

លោក វង្សី វិស្សុត ក៏បានសង្កតធ្ងន់ផងដែរថា កម្ពុជានៅមានលំហក្នុងការខ្ចីថ្មីបន្ថែម ដោយសារអនុបាតបំណុលគន្លឹះៗទាំងអស់របស់កម្ពុជា មានកម្រិតទាបនៅឡើយ ធៀបនឹងអនុបាតគោល តាមបទដ្ឋានបច្ចេកទេសអន្តរជាតិ។ កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសនេះ គឺមួយផ្នែកជាសមិទ្ធិផលនៃការពិភាក្សា ប្រកបដោយភាពគ្រប់ជ្រុងជ្រោយរួមគ្នា រវាងក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល និង ADB កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ និងមួយផ្នែកទៀត គឺជាការស្នើសុំរបស់រាជរដ្ឋាភិបាលបន្ទាន់ និងការវិវត្តថ្មីៗរបស់កម្ពុជាផ្ទាល់តែម្តង។

ជាក់ស្តែង កម្មវិធីគាំទ្រចំណាយ និងការឆ្លើយតបទៅនឹងជំងឺ Covid-19 (COVID 19 Active Response and Expenditure Support Program) ដែលមានទឹកប្រាក់សរុបចំនួន ២៥០ លានដុល្លារ ត្រូវបានផ្តល់ការអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីពេលថ្មីៗនេះ តាមសំណើបន្ទាន់ របស់កម្ពុជាផងដែរ។ បន្ថែមពីនេះ ក្នុងកិច្ចគាំទ្រដល់ការ អភិវឌ្ឍសហគ្រាសធុនតូច-មធ្យម (SME) នៅកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានស្នើឱ្យ ADB ពិនិត្យមើលការបញ្ចូលនូវសមាសភាពនៃធានាឥណទាន (Guarantee) សម្រាប់ SME ទៅក្នុងគម្រោងជំរុញ ការអភិវឌ្ឍកសិធុរកិច្ចប្រកបដោយការប្រកួតប្រជែង (Competitive Agribusiness Development Project) ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ១១១ លានដុល្លារអាមេរិក ដែលនឹងជួយដោះស្រាយ បញ្ហាប្រឈមជាគន្លឹះរបស់ SME។

តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២១-២០២៣ នេះ ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១៣០០ លានដុល្លារ ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណាឱ្យការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ របស់ ADB សម្រេចបានជោគជ័យ ក៏ដូចជាដើម្បីឆ្លើយតបទៅ នឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា។ បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស ឆ្នាំ២០២១-២០២៣ របស់ ADB មានទឹកប្រាក់ចំនួនប្រមាណ ១៥០០លានដុល្លារ។

គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ ៣ ៤៨៥ លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទាន ចំនួនប្រមាណ ២ ៩៨៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ ៥០២លានដុល្លារ៕


ចែករំលែក