ដោយ ហ្សូលី
ប៉េកាំង៖ មួយរយៈនេះ ប្រទេសចិនហាក់បីដូចជាគ្រប់គ្រងការរាតត្បាតជំងឺ Covid-19 នៅក្នុងដៃបាន ហើយសេដ្ឋកិច្ចប្រទេសនេះទៀតសោត ចាប់ផ្តើមវិលត្រឡប់មកស្ថានភាពធម្មតាឡើងវិញ។ អ្នកវិភាគសេដ្ឋកិច្ចហ៊ានអះអាងបែបនេះ ដោយសារការសង្កេតឃើញថា នៅប្រទេសចិនចាប់ផ្តើមសភាពអ៊ូអរ មន្ទីរពេទ្យមានអ្នកជំងឺតិចបំផុត ក៏ដូចជាតួលេខឬទិន្នន័យសេដ្ឋកិច្ច។

ក្នុងចំនោមផ្នែកជាច្រើននៅក្នុងសេដ្ឋកិច្ច ការបញ្ជាទិញក្នុងស្រុក ជាពិសេសការទិញទំនិញតាមរយៈប្រព័ន្ធអនឡាញបានជាសះស្បើយក្នុងល្បឿនលឿនបំផុត។ អំឡុងពិធីបុណ្យឈប់សម្រាក May Day ក្នុងខែឧសភានេះ ទិន្នន័យបង្ហាញថា ការទិញទំនិញអនឡាញតាមរយៈអ្នកលក់រាយមានការកើនឡើងលើស ៣០ ភាគរយ បើប្រៀបធៀបជាមួយឆ្នាំមុន។ យោងតាមតួលេខដែលផ្សព្វផ្សាយដោយ State Post Bareau Show បានឱ្យដឹងថា ត្រឹមរយៈពេល ៥ថ្ងៃ ការកម្មង់ទំនិញមានដល់ទៅជាង ១០០០លានកញ្ចប់។
ក្រឡេកទៅមើលនៅតាមបណ្តារសណ្ឋាគារ និងភោជនីយដ្ឋានវិញ ទិន្នន័យដដែលបង្ហាញថា វិស័យទាំងនេះបានដំណើរការអាជីវកម្មប្រមាណជា ៧០ភាគរយ បន្ទាប់ពីធ្វើការបិទទ្វារតាំងពីឆ្នាំ ២០១៩។ សូម្បីតែវិស័យទេសចរណ៍ ដែលរងឥទ្ធិពលខ្លាំងបំផុតក៏ចាប់មានភាពប្រសើរឡើងវិញ ជាក់ស្តែងដូចជានៅទីក្រុងសៀងហៃ សួនកម្សាន្ត DisneyLand នឹងប្រតិបត្តិការការងារនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។
របាយការណ៍បានពីរដ្ឋបាលខេត្តហ៊ូណានបញ្ជាក់ថា ការឈប់សម្រាក May day នេះ ទីក្រុងបានស្វាគមន៍ភ្ញៀវទេសខរណ៍ប្រហែលជិត ៤លាននាក់។ រីឯខេត្ត យុនណានវិញ មានភ្ញៀវទៅកម្សាន្តដល់ទៅជិត ១០លាននាក់។ តួលេខនេះគឺជាភស្តុតាងបញ្ជាក់ថា ប្រទេសចិនមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចឡើងវិញហើយ។

តម្រូវការអគ្គិសនីមានការកើនឡើង ០.៣ ភាគរយ បើធៀបនឹងឆ្នាំមុន គ្រាន់តែខេត្តជាំងស៊ូមួយ តម្រូវការអគ្កិសនីហក់ឡើងដល់ ៤៧.៧ ពាន់លានគីឡូវ៉ាត់ ក្នុងមួយម៉ោង។
ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ចិនកាលពីខែមេសា ទាំងការនាំចូល និងនាំចេញ បានឈានទៅដល់ ២.៥ទ្រីលានយ័ន។ ថ្វីត្បិតតែតួលេខនេះតិចជាងឆ្នាំ ២០១៩ក៏ពិតមែន ប៉ុន្តែវាបង្ហាញថា ចិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទ្រទ្រង់សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនអំឡុងពិភពលោកកំពុងជួបប្រទះនឹងវិបត្តិសកលលោកនេះ។
ជាការពិតណាស់ សេដ្ឋកិច្ចចិនបានងើបឡើងវិញពិតប្រាកដ ប៉ុន្តែមិនអាចដើរទៅមុខម្នាក់ឯងឡើយ លុះត្រាតែពិភពលោកធូរស្បើយនឹងឧបសគ្គជំងឺឆ្លងនេះសិន ទើបអាចនិយាយបានថា សេដ្ឋកិច្ចប្រទេសមួយមានស្ថានភាពប្រសើរឡើង៕ CGTN







