ដោយៈ រ៉ាណេត
ភ្នំពេញៈ បើទោះជាមានការគំរាមកំហែងពីវិបត្តិនៃជំងឺ Covid-19 មកទល់នឹងពេលនេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនៅកម្ពុជាចំនួន៧ នៅតែបន្តដំណើរការរបស់ខ្លួនដដែល ខណៈពេលដែលចំនួននៃអ្នកធ្វើដំណើរតាមយន្តហោះ បានធ្លាក់ ចុះយ៉ាងគំហុករហូតដល់ជាង ៩០ភាគរយ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លង ទៅនេះថា ចាប់តាំងពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២០ ស្ថានភាពនៃការធ្វើដំណើរចេញចូលរបស់អ្នកដំណើរ តាមជើងហោះហើរនានា ជាពិសេសជនបរទេស គឺមានការធ្លាក់ចុះយ៉ាងគំហុក រហូតដល់ជាង៩០ភាគរយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបាត់បង់ចំណូលយ៉ាងច្រើន។
-->
លោកបានបញ្ជាក់ថា “មិនថាចំពោះការធ្វើដំណើរ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា ឬការធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះប្រទេសដទៃទៀតនោះទេ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលបានជះឥទ្ធិលទៅដល់ចំណូលថវិកាជាតិផងដែរ។
ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈម និងមានភាពស្ងប់ស្ងាត់ទៅលើការធ្វើដំណើរតាមការហោះហើរនេះ នៅដើមខែឧសភា ឆ្នាំ២០២០ មានក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុកសរុបចំនួន៧ នៅតែបន្តដំណើរការប្រត្តិបត្តិការរបស់ខ្លួនដដែល ហើយភាគច្រើនគឺដឹកជញ្ជូនទំនិញ ជំនួសការដឹកអ្នកដំណើរច្រើនជាង។
លោកស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ទោះជាមានភាពស្ងប់ស្ងាត់ ក្រោមហេតុផលនៃការភ័យខ្លាច របស់អ្នកដំណើរចំពោះជំងឺ Covid-19 ប៉ុន្តែពេលនេះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៧ បាននិងកំពុងបន្តដំណើរការរបស់ខ្លួន ដែលក្នុងនោះរួមមានក្រុមហ៊ុន Air China ដែលដឹកអ្នកដំណើរ និងទំនិញចេញ-ចូលមកពីប្រទេសចិន ក្រុមហ៊ុន Asian Airline មកពីប្រទេសកូរ៉េ ក្រុមហ៊ុន All Nippon Airways មកពីប្រទេសជប៉ុន ក្រុមហ៊ុន Cambodian Airways និង Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ក្រុមហ៊ុន Cathay Airways និង Cathay Pacific មកពីហុងកុង ដែលបម្រើលើការដឹកជញ្ជូនទំនិញ ជាពិសេសសម្ភារៈប្រើប្រាស់លើផ្នែកវេជ្ជសាស្ត្រ។
លោកបានលើកឡើងផងដែរថា នៅក្នុងចំណោមអាកាសយានដ្ឋានទាំង៣នៅកម្ពុជា អាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ មានភាពសកម្មជាងគេ ប៉ុន្តែនៅអាកាសយានដ្ឋានសៀមរាប គឺមានតែ អាកាសចរណ៍ Cambodia Angkor Air តែប៉ុណ្ណោះ ដែលធ្វើការហោះហើរម្ដងម្កាល ហើយនៅអាកាសយានដ្ឋានកងកេង ក្រុងព្រះសីហនុ គឺមានក្រុមហ៊ុនហ៊ុនហោះហើរក្នុងស្រុកចំនួន៤ ដែលមានសកម្មភាពម្ដងម្កាលផងដែរ។
រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកណាមួយរបស់កម្ពុជា ប្រកាសក្ស័យធនដោយសារ Covid-19 ឡើយ ខណៈយោងតាមស្ថិតិបានឱ្យដឹងថា បន្ទាប់ពីកើតមានជំងឺ Covid-19 នេះ ក្នុងខែមករាឆ្នាំ២០២០ ភ្ញៀវមានការថយចុះជាមធ្យមប្រមាណ២០ភាគរយ។
កាលពីខែកុម្ភៈ អ្នកដំនើរតាមផ្លូវអាកាសបានថយចុះប្រមាណ៥០ភាគរយ នៅក្នុងខែមីនាថយចុះជាង៧០ភាគរយ ហើយចំពោះខែមេសានេះ បានថយចុះរហូតដល់ជាង៩០ភាគរយ៕