ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន៧នៅ​កម្ពុជា​នៅតែ​បន្ត​ដំណើរការ​សេវាកម្មហោះហើរ​ធម្មតា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បើទោះជា​មានការ​គំរាមកំហែង​ពី​វិបត្តិ​នៃ​ជំងឺ Covid-19 មកទល់នឹង​ពេលនេះ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​នៅ​កម្ពុជា​ចំនួន៧ នៅតែ​បន្ត​ដំណើរការ​របស់ខ្លួន​ដដែល ខណៈពេលដែល​ចំនួន​នៃ​អ្នកធ្វើដំណើរ​តាម​យន្តហោះ បាន​ធ្លាក់ ចុះ​យ៉ាងគំហុក​រហូតដល់​ជាង ៩០ភាគរយ។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង ទៅនេះ​ថា ចាប់តាំងពី​ខែមករា រហូតដល់​ខែមេសា ឆ្នាំ២០២០ ស្ថានភាព​នៃ​ការធ្វើដំណើរ​ចេញចូល​របស់​អ្នកដំណើរ តាម​ជើងហោះហើរ​នានា ជាពិសេស​ជនបរទេស គឺមាន​ការធ្លាក់ចុះ​យ៉ាងគំហុក រហូតដល់​ជាង៩០ភាគរយ ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ និង​បាត់បង់​ចំណូល​យ៉ាងច្រើន។

លោក​បាន​បញ្ជាក់ថា “មិន​ថា​ចំពោះ​ការធ្វើដំណើរ ពី​បណ្តា​ប្រទេស​នានា​មកកាន់​កម្ពុជា ឬ​ការធ្វើដំណើរ​ចាក​ចេញពី​កម្ពុជា ឆ្ពោះ​ប្រទេស​ដទៃទៀត​នោះទេ គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​បាន​ជះ​ឥទ្ធិ​ល​ទៅដល់​ចំណូល​ថវិកាជាតិ​ផងដែរ។

ស្ថិតនៅក្នុង​ស្ថានភាព​ដែល​កំពុង​ប្រឈម និង​មាន​ភាពស្ងប់ស្ងាត់​ទៅលើ​ការធ្វើដំណើរ​តាម​ការហោះហើរ​នេះ នៅ​ដើមខែ​ឧសភា ឆ្នាំ២០២០ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​សរុប​ចំនួន៧ នៅតែ​បន្ត​ដំណើរការ​ប្រ​ត្តិ​ប​ត្តិ​ការ​របស់ខ្លួន​ដដែល ហើយ​ភាគច្រើន​គឺ​ដឹកជញ្ជូន​ទំនិញ ជំនួស​ការដឹក​អ្នកដំណើរ​ច្រើនជាង។

លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​បញ្ជាក់ថា ទោះ​ជាមាន​ភាពស្ងប់ស្ងាត់ ក្រោម​ហេតុផល​នៃ​ការភ័យខ្លាច របស់​អ្នកដំណើរ​ចំពោះ​​ជំងឺ Covid-19 ប៉ុន្តែ​ពេលនេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន៧ បាននិងកំពុង​បន្ត​ដំណើរការ​របស់ខ្លួន ដែល​ក្នុងនោះ​រួមមាន​ក្រុមហ៊ុន Air China ដែល​ដឹក​អ្នកដំណើរ និង​ទំនិញ​ចេញ-ចូល​មកពី​ប្រទេស​ចិន ក្រុមហ៊ុន Asian Airline មកពី​ប្រទេស​កូរ៉េ ក្រុមហ៊ុន All Nippon Airways មកពី​ប្រទេស​ជប៉ុន ក្រុមហ៊ុន Cambodian Airways និង Cambodia Angkor Air ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ក្រុមហ៊ុន Cathay Airways  និង Cathay Pacific មកពី​ហុងកុង ដែល​បម្រើ​លើ​ការដឹកជញ្ជូន​ទំនិញ ជាពិសេស​សម្ភារៈប្រើប្រាស់​លើ​ផ្នែក​វេជ្ជសាស្ត្រ។

លោក​បានលើកឡើង​ផងដែរ​ថា នៅក្នុង​ចំណោម​អាកាសយានដ្ឋាន​ទាំង៣នៅ​កម្ពុជា អាកាសយានដ្ឋាន​ភ្នំពេញ-អន្តរជាតិ មាន​ភាព​សកម្ម​ជាងគេ ប៉ុន្តែ​នៅ​អាកាសយានដ្ឋាន​សៀមរាប គឺមាន​តែ អាកាសចរណ៍ Cambodia Angkor Air តែប៉ុណ្ណោះ ដែល​ធ្វើការ​ហោះហើរ​ម្ដងម្កាល ហើយ​នៅ​អាកាសយានដ្ឋាន​កងកេង ក្រុងព្រះសីហនុ គឺមាន​ក្រុមហ៊ុន​ហ៊ុន​ហោះហើរ​ក្នុងស្រុក​ចំនួន៤ ដែលមាន​សកម្មភាព​ម្ដងម្កាល​ផងដែរ។

រហូតមកដល់​បច្ចុប្បន្ន​នេះ មិនទាន់មាន​ក្រុមហ៊ុន​អាកាសចរណ៍ ក្នុងស្រុក​ណាមួយ​របស់​កម្ពុជា ប្រកាស​ក្ស័យធន​ដោយសារ Covid-19 ឡើយ ខណៈ​យោងតាម​ស្ថិតិ​បានឱ្យដឹងថា បន្ទាប់ពី​កើតមាន​ជំងឺ Covid-19 នេះ ក្នុង​ខែមករា​ឆ្នាំ២០២០ ភ្ញៀវ​មានការ​ថយចុះ​ជា​មធ្យម​ប្រមាណ២០ភាគរយ។

កាលពី​ខែកុម្ភៈ អ្នកដំនើរ​តាមផ្លូវ​អាកា​សបាន​ថយចុះ​ប្រមាណ៥០ភាគរយ នៅក្នុង​ខែមីនា​ថយចុះ​ជាង៧០ភាគរយ ហើយ​ចំពោះ​ខែមេសា​នេះ បាន​ថយចុះ​រហូតដល់​ជាង៩០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here