ដោយ ហ្សូលី
បាងកកៈ ផ្សារទំនើបលក់ទំនិញ មជ្ឈមណ្ឌលហាត់ប្រាណ និងសួនកម្សាន្ត ដែលត្រូវបានគេចាត់ទុកថា ជាកន្លែងដែលមានដង់ស៊ីតេខ្ពស់ ក្នុងការឆ្លងរីករាលដាលមេរោគ Covid-19 ត្រូវបានគេរំពឹងថានឹងបើកដំណើរការម្តងទៀត ប្រសិនបើចំនួននៃការឆ្លងថ្មី Covid-19 នៅតែបន្តធ្លាក់ចុះមួយសប្តាហ៍ទៀត។

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ ផ្នែកសុខភាពសាធារណៈ បានរៀបចំការប្រជុំជាមួយតំណាង នៃក្រុមអាជីវកម្មចំនួន៨នៅក្នុងបប្រទេសថៃ ដើម្បីពិភាក្សាអំពីការត្រៀមសំរាប់ដំណាក់កាលបន្ទាប់ នៃការបន្ធូរបន្ថយការឆ្លងវីរុស និងស្តារសេដ្ឋកិច្ចឡើងវិញ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីភ្នាក់ងារពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និងកីឡា ក្រសួងសុខាភិបាល សាលាក្រុង និងអង្គភាពរដ្ឋបាលមូលដ្ឋានផងដែរ។
ជាលទ្ធផល រដ្ឋាភិបាលថៃ គ្រោងអនុញ្ញាតឲ្យមានការបើកផ្សារទំនើប ភោជនីយដ្ឋាន និងហាងអាហារ ការបើកអាជីវកម្មសុខភាព រួមទាំងស្ប៉ា និងហាងម៉ាស្សា ហាងថែរក្សាសម្ផស្ស កន្លែងប្រជុំសន្និបាត សិក្ខាសាល សួនកម្សាន្ត និងឧទ្យានទឹក។
ប្រមុខរដ្ឋាភិបាលថៃលោកប្រាយុទ្ឋ ចាន់អូចាបានមានប្រសាសន៍ថា នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២០នេះ អាជីវកម្ម និងជំនួញនឹងបន្តដំណើរការសារជាថ្មី ដើម្បីស្តារវិស័យទេសចរណ៍ និងផ្តល់ឱកាសដល់ពលរដ្ឋមានការងារធ្វើវិញ។ យ៉ាងណាក៏ដោយ ការទប់ស្កាត់និងថែរក្សាអនាម័យ នៅតែមានជានិច្ច៕ Bangkok Post






