ជប៉ុន​គ្រោង​បន្ថែម​កញ្ចប់​ថវិកា​ទ្រទ្រង់​សេដ្ឋកិច្ច​ជា​លើក​ទី២បន្ទាប់ពី​បាន​បញ្ចេញ ១ទ្រី​លាន​ដុល្លារ​លើក​ទី១

ចែករំលែក

ដោយ ហ្សូ​លី

តូ​ក្យូៈ រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​បន្ថែម​ថវិកា ជម្រុញ​សេដ្ឋកិច្ច​រាប់ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ចាប់ពី​ខែមិថុនា​ខាងមុខ បន្ទាប់ពី​ប្រទេស​នេះ​បានប្រកាសថា ខ្លួន​បាន​ត្រៀម​ថវិកា​ជាង១ទ្រី​លាន​ដុល្លារ ដើម្បី​ទប់ទល់​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី១កន្លងមក។

នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ បាន​និយាយ​កាលពីពេលថ្មីៗនេះ​ថា ប្រទេស​ជប៉ុន​នឹង​ចាត់វិធានការ​ជំរុញ​បន្ថែម ដើម្បី “ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​វីរុស​នេះ” ។

កញ្ចប់​ថ្មី​នេះ មាន​គោលបំណង​ជួយ​ទប់ស្កាត់​ការប៉ះទង្គិច ដល់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី៣ របស់​ពិភពលោក ដែល​សេដ្ឋកិច្ច​កំពុង​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង ចំពេល​មានការ​ធ្លាក់ចុះ​នៃ​តម្រូវការ​ជា​សាកល និង​ស្ថាន​ភាពអាសន្ន ក្នុង​តំបន់​ដែល​ត្រូវបាន​បន្ត​រហូតដល់​ចុងខែ​ឧសភា។

លោក​អា​បេ​បាន​និយាយថា រដ្ឋាភិបាល​នឹង​ពិចារណា​លើ​ជំហាន​បន្ថែម ដូចជា ជំនួយ​ដល់​ក្រុមហ៊ុន ដែល​កំពុង​ព្យាយាម​បង់ថ្លៃ​ឈ្នួល ការគាំទ្រ​ដល់​និស្សិត ដែល​បាន​បាត់បង់​ការងារ​ក្រៅ​ម៉ោង និង​ប្រាក់ឧបត្ថម្ភ​បន្ថែមទៀត ដល់​ក្រុមហ៊ុន​ដែល​រងគ្រោះ​ដោយសារ​ការលក់​ធ្លាក់ចុះ។

កញ្ចប់​ថវិការ​នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ពិភាក្សា​ថា តើ​គួរតែ​បន្ថែម​ឬ​យ៉ាងណា។

លោក​ស៊ីន​ហ្សូ អា​បេ​បាន​បន្ថែមថា រដ្ឋាភិបាល​បាន​ត្រៀម​រួចរាល់ ដើម្បី​រៀបចំ កញ្ចប់​ថវិកា​បន្ថែម​ជា​លើក​ទី២ ឱ្យបាន​ទាន់ពេលវេលា និង​អាចមាន​លទ្ធភាព​អនុម័ត​នៅ​ថ្ងៃទី១៧ ខែមិថុនា​ខាងមុខ។ ការអនុម័ត​អាស្រ័យ​លើ​ថា តើ​មាន​ខេត្ត​ចំនួន​ប៉ុន្មាន​ដែល​នឹង​អាច​លើក​វិធានការ​បន្ទាន់​របស់រ​ដ្ឋ ដែល​បាន​អនុវត្តន៍​នៅ​ទូទាំងប្រទេស។

លោក​អា​បេ​បញ្ជាក់ថា “យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន​រក្សា​និរន្តរភាព​អាជីវកម្ម​របស់​ពួកគេ និង​ការពារ​ការងារ”។

លោក Katsutoshi Inadome អ្នក​យុទ្ធសាស្ត្រ​ប្រាក់ចំណូល​ថេរ នៅ​ក្រុមហ៊ុន Mitsubishi UFJ Morgan Stanley Securities បាន​មានប្រសាសន៍ថា “ទំហំ​ថវិកា​បន្ថែម​ទី​ពីរ​នឹង​តូច​ជាង​ថវិកា​ទីមួយ។

ទោះយ៉ាងណា​ក៏ដោយ ការចេញ​ប័ណ្ណបំណុល​បន្ថែម គឺ​មិនអាច​ជៀសវាង​បាន​នោះទេ។

យោងតាម​ការស្ទង់មតិ​របស់​រ៉​យ​ទ័​រ​បាន​បង្ហាញថា សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ទំនងជា​បាន​ធ្លាក់ចុះ ក្នុង​រយៈពេល ២​ត្រីមាស​​ជាប់​គ្នា​នៃ​ឆ្នាំនេះ ដោយសារតែ​ការរីក​រាលដាល​នៃ​ការ​រាតត្បាត Covid-19 ៕ Al-Jazeera


ចែករំលែក