ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study) ដើម្បីអាចទទួលបានគុណភាព ឧត្តមភាព និងភាពវិជ្ជមាននៃការនាំចេញទៅកាន់ទីផ្សារគោលដៅសំខាន់ៗ ជាពិសេសទីផ្សារសហភាពអឺរ៉ុប។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ ដែលដឹកនាំកិច្ចប្រជុំក្រោមការការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (CAVAC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានមានប្រសាសន៍បញ្ជាក់ថា ការសិក្សា និងពិភាក្សាទៅលើថ្លៃដើមនៃផលិតកម្មមួយនេះគឺមានសារសំខាន់បំផុតសម្រាប់ទ្ធភាពនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោក សុខ សុភ័ក្ត្រ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងផ្នែកឯកជន បន្តសហការ និងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យស្រូវ-អង្ករកម្ពុជា លើតម្លៃអង្ករនាំចេញ ហើយលោកនឹងបន្តរាយការណ៍អំពីបញ្ហាប្រឈមជូនថ្នាក់ដឹកនាំ និងស្នើសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។
គម្រោងសិក្សាថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជានេះ ត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការនិងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យឃើញពីបញ្ហាប្រឈម ឧត្តមភាព ឬលទ្ធភាពពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។

អង្គប្រជុំបានពិភាក្សាលើផ្នែកពាក់ព័ន្ធសំខាន់ៗដែលប៉ះពាល់ដល់តម្លៃនាំចេញអង្ករកម្ពុជារួមមាន ៖ អគ្គិសនី ដឹកជញ្ជូនពីឃ្លាំងទៅកំពង់ផែ ថ្លៃចំណាយនៅកំពង់ផែ ចំណាយលើការនាំចេញ ថ្លៃដឹកជញ្ជូនពីកំពង់ផែទៅប្រទេសគោលដៅ (នាំចូល) និងចំណាយពាក់ព័ន្ធផ្សេងៗទៀត។
ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយវិភាគលើខ្សែច្រវ៉ាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្កបង្កើនផល ការសម្ងួត និងកិន រហូតដល់ការនាំចេញដែលរួមទាំងការដឹកជញ្ជូន និងការរត់ការឯកសារផងដែរ សម្រាប់ការនាំចេញទៅកាន់ប្រទេសគោលដៅ (នាំចូល) នៅសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត។ របាយការណ៍នៃលទ្ធផលសិក្សានេះ នឹងផ្សព្វផ្សាយជូនវិស័យឯកជន និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅដាក់ចេញផែនការ និងគោលនយោបាយអភិវឌ្ឍន៍វិស័យស្រូវ-អង្ករកម្ពុជា និងឈានទៅចាប់យកទីផ្សារអង្ករក្រៅប្រទេស៕






