ដោយវុត្ថា
ភ្នំពេញ៖ វិនិយោគិននៃសមាគមពាណិជ្ជកម្មជាំងស៊ី បានត្អូញត្អែរពីបញ្ហាប្រឈមនានា និងការធ្លាក់ចុះនៃវិនិយោគរបស់ពួកគេនៅក្នុងខេត្តព្រះសីហនុ ដែលបង្កឡើងដោយការរាតត្បាតជាសកលនៃជំងឺ Covid-19 ។

យោងតាមជំនួបពិភាក្សាការងាររវាងតំណាងសមាគមពាណិជ្ជកម្មជាំងស៊ី និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុកាលពីម្សិលមិញនេះបានឱ្យដឹងថា សភាពាណិជ្ជកម្មខេត្តព្រះស៊ីហនុ បានទទួលស្គាល់ចំពោះបញ្ហាដ៏លំបាក និងការធ្លាក់ចុះនេះ ហើយបានស្នើឱ្យបន្តការវិនិយោគទៅមុខទៀត ដោយសភាពាណិជ្ជកម្មនៅបន្តជួយសម្របសម្រួលគ្រប់កាលៈទេសៈ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់គេហទំព័រ propertyarea.asia ឱ្យដឹងថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19 កន្លងមកនេះ ការវិនិយោគនានានៅក្នុងខេត្តមានសភាពថមថយ ហើយនេះមិនមែនតែមានការថមថយនៅក្នុងខេត្តព្រះសីហនុនោះទេ គឺនៅទូទាំងពិភពលោក។
លោកបន្តថា “បញ្ហាជំងឺ Covid-19 នេះ គឺជារឿងសកល មិនមែនជារឿងដោយឡែកនោះទេ ហើយគ្រប់សកម្មភាពនានាវាថយទាំងអស់ ហើយអ្វីជាអាទិភាពគឺគ្រប់គ្នាយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងជំងឺ Covid-19 ដែលកំពុងរីករាលដាលនាពេលនេះ”។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាឱ្យដឹងដែរថា ជារួមការវិនិយោគនានា ក៏ដូចជាការវិនិយោគលើវិស័យអចលនទ្រព្យរបស់កម្ពុជាបាននិងកំពុងថមថយនៅដើមឆ្នាំកន្លងមកនេះ ដែលបង្ករឡើងដោយជំងឺ Covid-19 ។

លោកបន្តថា តែការថមថយនេះ គឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយនៅពេលដែលជំងឺ Covid-19បានបញ្ចប់ អ្វីៗនឹងដំណើរជាធម្មតាឡើងវិញ ជាមួយគ្នានេះ វិនិយោគិនចិននឹងបន្តមកកាន់កម្ពុជា ជាពិសេសខេត្តព្រះសីហនុដោយសារកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិន ។
សហព័ន្ធសមាគមពាណិជ្ជកម្មខេត្តព្រះសីហនុ បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីកន្លងទៅថ្មីនេះ ថា បរិមាណនៃការជួលទ្រព្យសម្បត្តិពាណិជ្ជកម្ម និងវិនិយោគនៅខេត្តព្រះសីហនុបានធ្លាក់ចុះចំនួន៨៥% និងការលក់ដីធ្លី២៥%។
ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា-ចិន បានទាក់ទាញវិនិយោគចិនបានមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុយ៉ាងច្រើន ជាពិសេស ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារខេត្តមានសក្តានុពលដូចជា ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូន និង តំបន់ទេសចរណ៍ឆ្នេរសមុទ្រស្រស់ស្អាតជាដើម៕







