ដោយ ប៊ី
ភ្នំពេញៈ ប្រទេសចំនួនបីដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើនាំចេញនៅអាស៊ីអាគ្នេយ៍អាចចំណាយពេលយូរ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួន ដោយសាររងផលប៉ះពាល់ពីជំងឺ COVID-19 ។ នេះបើយោងតាមការសិក្សារបស់ធនាគារ Morgan Stanley ដែលមូលដ្ឋានៅអាមេរិក។

ធនាគារវិនិយោគអាមេរិក Morgan Stanley បានឱ្យដឹងនៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទកន្លងមកនេះថា ស្ថានភាពនេះមានន័យថា សេដ្ឋកិច្ចដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងសឹង្ហបូរី ប្រហែលជាត្រូវរង់ចាំរហូតដល់ត្រីមាសទី១ ឆ្នាំ ២០២១ ទើបអាចងើបឡើងវិញ។
របាយការណ៍នេះបានឱ្យដឹងថា ប្រទេសទាំងនេះ បានអនុវត្តន៍ការបិទប្រទេសដែលនាំឱ្យមានការប៉ះទង្គិចទ្វេរដងលើការនាំចេញ និងតម្រូវការក្នុងស្រុក។
របាយការណ៍បានឱ្យដឹងថា “ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសកល និងកំណើនរចនាសម្ព័ន្ធខ្ពស់ ជាមូលហេតុដែលយើងរំពឹងថា សេដ្ឋកិច្ចរបស់ពួកគេនឹងវិលត្រឡប់មកល្អប្រសើរវិញបន្ទាប់ពីប្រទេសចិន” ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើការផលប៉ះពាល់ពី Covid-19 មានរយៈពេលយូរជាងនេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសខាងលើ អាចនឹងប្រទះនឹងបញ្ហា ហើយសេដ្ឋកិច្ចប្រទេសទាំងនេះ នឹងដើរពីក្រោយសេដ្ឋកិច្ចអាស៊ីបូព៌ាដូចជា ប្រទេសកូរ៉េ និងតៃវ៉ាន់ ដែលបានមើលឃើញជោគជ័យក្នុងការគ្រប់គ្រងជំងឺ COVID-19 ។
ចំណែកនៅតំបន់អាស៊ីផ្សេងទៀត ដែលមិនរាប់បញ្ចូលប្រទេសជប៉ុន សេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជានឹងវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២០ ។
ធនាគារ Morgan Stanley បានផ្អែកលើការវិភាគនេះលើកត្តាបីយ៉ាង ពីការរកឃើញនេះថា តើសេដ្ឋកិច្ចនីមួយៗមានឥទ្ធិពលយ៉ាងណា ចំពោះវិបត្តិសេដ្ឋកិច្ចសកល ការឆ្លើយតបរបស់ស្ថាប័ន ដើម្បីដោះស្រាយស្ថានភាព Covid-19 និងផលប៉ះពាល់នៃតម្រូវការក្នុងស្រុក និងឆន្ទៈក្នុងការបន្ធូរបន្ថយគោលនយោបាយ។
វាក៏សន្មតផងដែរថា ករណី Covid-19 ប្រចាំថ្ងៃ នឹងកើនឡើងដល់ត្រីមាសទី២ ជាមួយនឹងការបើកដំណើរការសេដ្ឋកិច្ចជាបណ្តើរ។ នេះអាចបញ្ជាក់ថា ត្រីមាសទី ២ អាចជាត្រីមាស អាក្រក់បំផុតសម្រាប់តំបន់ភាគច្រើននៃតំបន់៕






