ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនសម្រេចបាន៥៨៦លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំនេះ

ចែករំលែក

ដោយ ប៊ី

ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនបានកើនឡើងដល់ជាង ៥៨៦ លានដុល្លារក្នុងត្រីមាសទី១ឆ្នាំនេះ កើនឡើង៤,៩០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍អង្គការពាណិជ្ជកម្ម ក្រៅប្រទេសរបស់ជប៉ុន (JETRO) កាលពីម្សិលមិញនេះ។


ការនាំចេញរបស់កម្ពុជាទៅកាន់ជប៉ុន មានតម្លៃជាង៤៧៥លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២០ កើនឡើង៤,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលរបស់កម្ពុជាពីជប៉ុនមានតម្លៃ១១១ លានដុល្លារ កើនឡើង៧ភាគរយ។

កម្ពុជា និងជប៉ុនបានប្តេជ្ញារួមគ្នា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ជាង២ ពាន់លានដុល្លារនៅឆ្នាំនេះ។

យោងតាមទិន្នន័យរបស់ JETRO បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញជាង១,៧ពាន់លានដុល្លារ ទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំមុន កើនឡើង៧,៧ភាគរយ ធៀបនឹងឆ្នាំ២០១៨ កម្ពុជាបាននាំចូលផលិតផលមានតម្លៃជង ៥៦៣លានដុល្លារកើនឡើង៣៣, ភាគរយក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ ២០១៨។

ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា ចន្លោះពីឆ្នាំ១៩៩៥ ដល់ខែកញ្ញា ឆ្នាំមុនគម្រោងវិនិយោគចំនួន១៤១ របស់ជប៉ុនមានទឹកប្រាក់២, ពាន់លានដុល្លារនៅកម្ពុជា។ ក្នុងចំណោមគំរោងវិនិយោគទាំាំងនោះ មានគំរោងចំនួន៦៦ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយមានទុនវិនិយោគប្រមាណ ៣៤០ លានដុល្លារ។

ទិន្នន័យបានបង្ហាញថា គម្រោងភាគច្រើនគឺថាមពល ការតម្លើងគ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត ឧស្សាហកម្ម កសិឧស្សាហកម្ម កែច្នៃអាហារ បដិសណ្ឋារកិច្ច សុខភាព និងផ្នែកលក់រាយ៕



ចែករំលែក