ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជិត១៤ម៉ឺននាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ ក្រោយរងគ្រោះដោយសារវិបត្តិនៃជំងឺ Covid-19 ខណៈដែលអតិថិជនប្រមាណជិត១២ម៉ឺននាក់ បានទទួលការៀបចំឥណទានតាមសំណើរ ដែលមានទំហំទឹកប្រាក់សរុបចំនួន ៤៨៨លានដុល្លារ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលចេញនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះបានបង្ហាញថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១៣៧ ១៥៨នាក់ បានធ្វើការស្នើសុំឥណទានឡើងវិញ ដោយក្នុងនោះអតិថិចំនួន ១៨៨ ១៨២នាក់ ស្មើនឹងប្រមាណ៩០ភាគរយ បានទទួលការរៀបចំឥណទានឡើងវិញតបតាមសំណើរ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤៨៨លានដុល្លារ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះបានបញ្ជាក់ទៀតថា ចាប់ពីខែមីនា ឆ្នាំ២០២០ សមាគមបានប្រមូលទិន្នន័យការរៀបចំឥណទានឡើងវិញជារៀងរាល់សប្ដាហ៍ពីសមាជិករបស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ទិន្នន័យទាំងនេះត្រូវបានប្រមូលឡើងក្នុងគោលបំណងតាមដានផលប៉ះពាល់ជាក់ស្ដែងពីវិបត្តិជំងឺ Covid-19 ទៅលើអតិថិជន ការគាំពារអតិថិជនរបស់គ្រឹះស្ថានដែលជាសមាជិត និងការវិវត្តទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដើម្បីធ្វើការវាយតម្លៃ និងផ្ញើរបាយការណ៍ជូនភាគីពាក់ព័ន្ធ។
គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគម បានបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួនតាមរយៈការជួយឱ្យប្រជាជនកម្ពុជា ជាង ២,២លាននាក់ និងមានឥណទានសរុប ប្រមាណ ៧៤០០លានដុល្លារ ខណៈអតិថិជនបញ្ញើសរុបជាង ២,៨លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ៣៦០០លានដុល្លារ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសម្បូរបែប និងទាន់ពេលវេលាតាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តភាព៕







