ដោយ ៖ វុត្ថា
ព្រះសីហនុ ៖ តាមរយៈបទបង្ហាញពីក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នការស្ថាបនាផ្លូវនេះ មានផលប៉ះពាល់ដូចជា បង្គោលភ្លើងចំនួន១២ដើម ដែលក្រុមការងារមិនអាចសាងសង់ផ្លូវទី២ ប៉ះនឹងតំបន់គ្រប់គ្រងដោយបរិស្ថាន ដែលមិនអាចយកគ្រឿងចក្រចូលបាន។
នេះបើយោងតាមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ ក្រោមការ ចូលរួមពីមន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ដែលដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោក គួច ចំរើន បានថ្លែងថា បញ្ហាប្រឈមទៅនឹងបង្គោលភ្លើង រដ្ឋបាលខេត្តនឹងបញ្ជូនក្រុមការងារចុះពិនិត្យ និងសម្រួលការដ្ឋានសង់ផ្លូវបណ្តោះអាសន្ន ដើម្បីយកគ្រឿងចក្រចូល ត្រូវមាននិយាមការច្បាស់លាស់ ដើម្បីស្នើទៅក្រសួងសាម៉ី។ ជាមួយគ្នាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំដល់ក្រុមហ៊ុន ឱ្យជួយពង្រីកស្ពានឱ្យបាន ១៧,២៥ម៉ែត្រផងដែរ។
គិតមកដល់ត្រីមាសទី១ ឆ្នាំ ២០២០ កន្លងមកនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានោះ សម្រេចបានជាង២០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ ។ ផ្លូវនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕






