ដោយៈ ប៊ី
ភ្នំពេញៈ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា កាលពីថ្ងៃអង្គារបានចុះហត្ថលេខា លើភាពជាដៃគូថ្មីជាមួយសហគ្រាសខ្មែរ (Khmer Enterprise) ជាការជំរុញការបណ្តុះបណ្តាល សហគ្រិនភាពដល់សហគ្រិនវ័យក្មេង និងដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ UNDP Cambodia កាលពីថ្ងៃពុធម្សិលមិញនេះ។
សហគ្រាសខ្មែរ គឺជាអង្គភាពអនុវត្តន៍ នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់UNDP បានឱ្យដឹងថា ភាពជាដៃគូនេះមានគោលបំណងជាពិសេស ដើម្បីធានាថាសហគ្រិនជំនាន់ក្រោយ របស់ប្រទេសកម្ពុជា ទទួលបានយ៉ាងល្អ ជាមួយនឹងការបណ្តុះបណ្តាល និងការណែនាំថ្នាក់ពិភពលោកជាក់ស្តែង ហើយអាចទទួលបាននូវមូលនិធិ និងការគាំទ្រត្រៀមខ្លួន សម្រាប់ការវិនិយោគនៅដំណាក់កាលដំបូងនៃការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។
ភាពជាដៃគូនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់ UNDP Cambodia និងសហគ្រាសខ្មែរដើម្បីពង្រឹងកិច្ចប្រឹងប្រែងរួមរបស់ពួកគេ ក្នុងការកែលម្អប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យអាទិភាព រួមទាំងពាណិជ្ជកម្មអេឡិចត្រូនិក និងការអភិវ ឌ្ឍចង្កោមសហគ្រាសខ្នាតតូច និងមធ្យមប្រកបដោយនិរន្តរភាព។
លោក Nick Beresford អ្នកតំណាងឱ្យUNDPបានមានប្រសាសន៍ថា “UNDP មានសេចក្តីរីករាយណាស់ ដែលបានចាប់ដៃគូជាមួយសហគ្រាសខ្មែរ ដើម្បីបង្កើតឱកាស និងផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រដើម្បីជួយដល់សហគ្រិន និងអ្នកជំនាញវ័យក្មេងជំនាន់ក្រោយឱ្យរីកចម្រើន”។លោកបានបន្ថែមថា “វាមានសារៈសំខាន់ណាស់ ក្នុងការវិនិយោគលើយុវជន និងទេពកោសល្យ និងថាមពលរបស់ពួកគេ នៅពេលដែលយើងរកវិធីដើម្បីគ្រប់គ្រង និងងើបឡើងវិញពីវិបត្តិ Covid-19 ”។
សេចក្តីប្រកាសព័ត៌មានបាននិយាយថា ក្រោមភាពជាដៃគូនេះ កម្មវិធីបង្កើតអាជីវកម្មមួយមានឈ្មោះថា Bluetribe បាត្រូវបានបង្កើតឡើងកាលពីខែឧសភា សម្រាប់យុវជនមានទេពកោសល្យរបស់ប្រទេសកម្ពុជា ដែលមានចំណាប់អារម្មណ៍ខ្លាំង ក្នុងការក្លាយជាសហគ្រិនជោគជ័យ។
កម្មវិធីនេះនឹងផ្តល់ឱ្យយុវជន ដែលបានជ្រើសរើសជាមួយការបណ្តុះបណ្តាល និងការណែនាំប្រកបដោយគុណភាព ក៏ដូចជាការទទួលបានមូលនិធិគ្រាប់ពូជ ដើម្បីចាប់ផ្តើម និងកសាងអាជីវកម្មរបស់ពួកគេ។ ចំពោះការដាក់ពាក្យសុំកម្មវិធីនៅតែបើករហូតដល់សប្តាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ៕






