ដោយ ប៊ី
ភ្នំពេញ ៖ សហរដ្ឋអាមេរិកក្លាយជាអ្នកបញ្ជាទិញផលិតផលសំខាន់ៗដែលឈរលើលំដាប់ទី១ពីកម្ពុជា ខណៈការបញ្ជាទិញផលិតផលរបស់សហរដ្ឋអាមេរិកពីកម្ពុជាមានទំហំទឹកប្រាក់ជាង ១.២១ ពាន់លានដុល្លារ និងបានកើនឡើងជាង ៣៦ ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច។

ជាមួយនឹងការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទទំនិញដែលឆ្លងកាត់តាមមាត់ច្រកគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២០ នេះ ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់សរុប ១៤ ៤៣០ ប៊ីលានរៀល ស្មើនឹងប្រមាណ ៣ ៥៥០ លានដុល្លារអាមេរិក។
ក្នុងនោះការនាំចេញទៅកាន់ទីផ្សារអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ១ ២១១ លានដុល្លារ បានកើនឡើងប្រមាណជាង ៣៦% ខណៈនៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ចំនួននេះមានត្រឹម ៨៨៧ លានដុល្លារ, ដូចនេះ ការនាំចេញទៅទីផ្សារអាមេរិក បានឈរក្នុងលំដាប់ទី១ បន្ទាប់ពីការនាំចេញទៅកាន់ទីផ្សារសំខាន់ៗក្រៅប្រទេសផ្សេងៗទៀត។
លោក Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្លែងថា ក្នុងឆ្នាំ ២០២០នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអាមេរិក នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កាកាន់តែមានធំធេងថែមទៀត។

នៅក្នុងរយៈពេលនេះដែរ អាមេរិក បានបញ្ជាទិញផលិតផលកាត់ដេរ មានចំនួនជិត ៩៥៦ លានដុល្លារ, អង្ករ ០,៥ លានដុល្លារ និងការបញ្ជាទិញផលិតផលផ្សេងៗទៀតជិត ២៦៥ លានដុល្លារ សរុបទាំងអស់មានទំហំទឹកប្រាក់ជាង ១ ២១១ លានដុល្លារអាមេរិក ខណៈការនាំចេញទៅកាន់ទីផ្សារ សហគមន៍អឺរ៉ុប មានជាង ១ពាន់លានដុល្លារ, ទីផ្សារអង់គ្លេស ជិត ២០៦ លានដុល្លារ, ទីផ្សារជប៉ុន ៣១០ លានដុល្លារ, ទីផ្សារអាស៊ាន ជាង ២៣២ លានដុល្លារ និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត មានទំហំជាង ៧៤៣ លានដុល្លារអាមេរិកផងដែរ ។
នៅក្នុងត្រីមាសទី១នេះ កម្ពុជាបាននាំចេញផលិតផលសំលៀកបំពាក់ មានចំនួន ៧ ៧១៣ ប៊ីលានរៀល, ស្បែកជើង ១ ៣៨៧ ប៊ីលានរៀល, វាយនភណ្ឌផ្សេងៗ ១ ៦៦០ ប៊ីលានរៀល, គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត ជិត ៣៧០ ប៊ីលានរៀល, កង់ ៤៨៣ ប៊ីលានរៀល,ប្រភេទឈើកែច្នៃ និងឈរគ្រប់ប្រភេទ ជិត ១៨០ ប៊ីលានរៀល, អង្ករ ៥៩៣ ប៊ីលានរៀល, កៅស៊ូ ១២៥ ប៊ីលានរៀល, ស្ករស ៥៤ ប៊ីលានរៀល, ផលិតផលកសិកម្មផ្សេងៗ ១៧១ ប៊ីលានរៀល និងផលិតផ្សេងៗទៀត ជាង ១ ៦០០ ប៊ីលានរៀលផងដែរ៕






