ដោយ ៖ ប៊ី
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ីបានរៀបចំកម្មវិធីដែលមានតម្លៃ ៨៩៥ លានដុល្លារសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា ពីឆ្នាំ២០២០-២០២។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។
វិស័យដែលបានកំណត់គោលដៅសម្រាប់ការវិនិយោគ គឺកសិកម្ម ធនធានធម្មជាតិ និងការអភិវឌ្ឍជនបទ ទឹក និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង សេវាកម្មផ្សេងៗទៀត វិស័យដឹកជញ្ជូន ការអប់រំ និងថាមពល។
តាមរយៈការងារបែបជឿនលឿន ធនាគារអភិវឌ្ឍន៍អាស៊ីនឹងជួយសម្រួលដល់កិច្ចពិភាក្សាគោលនយោបាយផ្អែកលើភាពជាក់ស្តែង ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងចូលរួមជាមួយវិស័យឯកជន និងសង្គមស៊ីវិលនៅកម្ពុជា។
ទីប្រឹក្សាបច្ចេកទេសដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីជំរុញការធ្វើផែនការឆ្លងវិស័យ និងគាំទ្រដល់ការច្នៃប្រឌិត ជាពិសេសទទួលយកឱកាសសម្រាប់ប្រទេសកម្ពុជា ដើម្បីក្លាយជាសេដ្ឋកិច្ចឌីជីថល។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់ឱ្យដឹងក្នុងឯកសារទាក់ទងនឹងចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីកាលពីសប្តាហ៍មុនថា ការព្យាករណ៍របស់ ADB មានកម្រិតទាបជាងការព្យាករណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីខែមុន ដោយបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសកម្ពុជា មានចំនួន២,៥ភាគរយ ក្នុងឆ្នាំ២០២០ ប៉ុន្តែនឹងស្ទុះងើបឡើងវិញដល់៥,៩ ភាគរយ ក្នុងឆ្នាំ២០២១ ។
ធនាគារនេះបន្ថែមថា “ការថមថយល្បឿន ត្រូវបានរងផលប៉ះពាល់ជាចម្បង ពីជំងឺ Covid-19 ដែលបណ្ដាលឱ្យមានការថមថយល្បឿនសេដ្ឋកិច្ច នៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍សំខាន់ៗ និងសាធារណរដ្ឋប្រជាមានិតចិន (PRC) ព្រមទាំងការកាត់បន្ថយលទ្ធភាពទទួលបានការចូលទីផ្សារនាំចេញរបស់ប្រទេសនេះ” ។
លោកស្រី Durrani-Jamal បានថ្លែងថា “សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញដល់ ៥,៧ ភាគរយក្នុងឆ្នាំ២០២១ ដែលសន្មត់ថា ការរីករាលដាល Covid-19 នឹងត្រូវបញ្ចប់ ខណៈសកម្មភាពសេដ្ឋកិច្ចនឹងត្រឡប់មកធម្មតាឡើងវិញ” ៕






