ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិ ងហិរញ្ញវត្ថុ បានផ្តល់ជាគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន OCIC សាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់រវាទីក្រុងកោះពេជ្រទៅកាន់ទីក្រុងកោះនរាថ្មី ដែលស្ពាននេះ នឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងសំខាន់។
យោងតាមលិខិតមួយច្បាប់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ នេះ ផ្ញើរជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រុមហ៊ុន OCIC ស្នើសុំគោលគារណ៍ទៅនាំចូលនូវសម្ភារៈ និងគ្រឿងចក្រមួយចំនួនដែលមានតម្លៃ សរុប ៤០, ៨៨៨ ៥៨០ ដុល្លារអាមេរិក ដោយពន្ធ និងអាការផ្សេងៗ ជាបន្ទុករបស់រដ្ឋ ហើយនឹងដឹកមកកាន់រាជធានីភ្នំពេញតាមមាត់ច្រកអន្តរជាតិនានាក្នុងពេលឆាប់ៗ ខាងមុខនេះ ។
លិខិតដដែលនេះ បញ្ជាក់ថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍កោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាធានីភ្នំពេញ តាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
លិខិតដដែលបន្តថា តាមផែនការក្រុមហ៊ុននឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ ខ្សែ ដើម្បីតភ្ជាប់ទីក្រុងកោះពេជ្រ ទៅគម្រោងអភិវឌ្ឍកោះនរា ហើយស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋនៅស្ពានមុនីវង្ស បានមួយកម្រិតធំ ពេលស្ថាបនារួច។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ថាបនាច្រាំងទន្លេ និងចាក់ដីបំពេញ រួមទាំងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតបានចាប់ផ្តើម ជាមួយនឹងផែនការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទាំងស្រុងនៅឆ្នាំ២០២៣ខាងមុខ។
លោកបន្តថា ក្រុមហ៊ុនកន្លងមកបានសិក្សាស្ពានពីរខ្សែ ដោយផ្តោតលើជម្រើសលើទឹកដែលគ្រោងចំណាយប្រមាណ៦០លានដុល្លារអាមេរិក និងជម្រើសមួយទៀតជាស្ពានឆ្លងកាត់ក្រោមទន្លេ ដែលគ្រោងចំណាយទឹកប្រាក់២០០លានដុល្លារអាមេរិក ៕






