ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់សារជាថ្មីទៅលើគម្រោងសាងសង់ផ្លូវក្រោមដីចំនួន៣ទីតាំងបន្ថែមយ៉ាងប្រាកដ ដើម្បីកាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ដែលកំពុងកើតមានជាប្រចាំថ្ងៃនៅពេលបច្ចុប្បន្ននេះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា គម្រោងសាងសង់ផ្លូវក្រោមដីទាំង៣ខ្សែរ ស្ថិតនៅក្នុងខណ្ឌផ្សេងគ្នា គឺដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលតែងកើតមានរាល់ថ្ងៃ និងជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។
លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា “ការស្ថាបនាផ្លូវក្រោមដីទាំងនេះ គឺជាយន្តការចាំបាច់ក្នុងការដោះស្រាយវិបត្តកកស្ទះចរាចរណ៍ជាលក្ខណៈយូរអង្វែងរបស់ប្រជាពលរដ្ឋឆ្លងកាត់ ដែលក្នុងនោះក៏ជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រជាពលរដ្ឋទូទៅ ក៏ដូចជាទេសចរ ដែលធ្វើដំណើរឆ្លងកាត់ផងដែរ តាមរយៈផ្លូវក្រោមដីឆ្លងកាត់ផ្លូវសហព័ន្ធរុស្សុីចូលដល់វិទ្យាស្ថានភាសាបរទេស IFL តែម្ដង”។
ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា ចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីនៅចំណុចមុខវិទ្យាស្ថានភាសាបរទេស គឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្សុី ដោយតភ្ជាប់ពីផ្លូវ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតចេញចូល និងមិនប្រឈមគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ទៀតនោះទេ”។ លោកបានបន្តថា “ដោយឡែកនៅតំបន់ក្ដាន់២វិញ ដែលកំពុងស្ថាបនារង្វង់មូលថ្មីនៅពេលបច្ចុប្បន្ននេះ ក៏មានផ្លូវក្រោមដីផងដែរ ដោយត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្សុី តភ្ជាប់ពីផ្លូវ១៦៩ ឆ្ពោះទៅផ្លូវបឹងកក់ ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះផងដែរ”។
ផ្លូវក្រោមដីទាំង៣ខ្សែដែលកំពុងត្រៀមសាងសង់ រួមមានទី១៖ ផ្លូវក្រោមដីឆ្លងកាត់ផ្លូវជាតិលេខ១ សាងសង់ដោយក្រុមហ៊ុន បុរី ប៉េង ហួត ដែលតភ្ជាប់ពីផ្សារទំនើប PH ECO Mall ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ,ទី២៖ ផ្លូវក្រោមដីនៅម្ដុំមុខវិទ្យាស្ថានភាសាបរទេស និងទី៣ ផ្លូវក្រោមដីនៅម្ដុំក្ដាន់២ ជិតក្រសួងការពារជាតិ ៕







