រដ្ឋាភិបាលសម្រេចបន្ថយថ្លៃអគ្គិសនីចំនួន ២៥ ភាគរយ ដល់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មរយៈពេល ៥ ខែ

ចែករំលែក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥ភាគរយ ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីជួយសម្រួលការលំបាកក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំង ឬបន្ថយសកម្មភាពផលិតកម្មអាជីវកម្ម។

សេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នេះជាការជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើតសកម្មភាពផលិតកម្ម ឬអាជីវកម្មក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគ Covid-19 ។

ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ ២០២០ មានខ្លឹមសារដូចខាងក្រោម៖

១) ផ្តល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែកការបង់ថ្លៃ តាមលក្ខខណ្ឌអនុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃ អគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលប្រើប្រាស់ជាក់ស្តែង តាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងនោះប្រើប្រាស់អគ្គិសនីដែលផ្គត់ផ្គង់អគ្គិសនីកម្ពុជា ឬ ក៏ផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភពអគ្គិសនីពីអគ្គិសនីកម្ពុជាក៏ដោយ។

២) រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមិនមានការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតាមប្រហាក់ប្រហែលពេលមុន។

៣) ផ្តល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥ភាគរយ លើការបង់ថ្លៃអគ្គិសនី ដែលប្រើប្រាស់លើសពីចំនួនប្រើប្រាស់ប្រចាំខែមធ្យមក្នុងរយៈពេល ៣ខែដើមឆ្នាំ (ពីខែ មករា ដល់ខែមីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលបរិយាកាសអំណោយផលអាចបង្កើតសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ជួលទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគ Covid-19 ៕


ចែករំលែក