កម្ពុជាគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីត្រៀមសា្វគមន៍ព្រិត្តិការណ៍ ស៊ីហ្គេមឆ្នាំ២០២៣

ចែករំលែក

ដោយ ប៊ី

ភ្នំពេញៈ សាលារាជធានីភ្នំពេញ គ្រោងនឹងសាង់សង់ផ្លូវពីរខ្សែថ្មីបន្ថែម មុនការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលផ្លូវ២ខ្សែនេះ នឹងជួយរំដោះការកកស្ទះពីផ្លូវជាតិលេខ៦។

គម្រោងសាងសង់ផ្លូវថ្មីពីរនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំទាក់ទងនឹងការរៀប​ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈចំនួន២ សំខាន់ៗ គឺការពិនិត្យពិគ្រោះយោបល់ស្តីពី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ និងបទបង្ហាញទិសដៅការងារ-តួនាទី ភារកិច្ចរបស់គណៈកម្មការជំនាញសំខាន់ៗចំនួន៦ ក្នុងចំណោម១៤គណៈកម្មការ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍គូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងមានប្រជាពលរដ្ឋប្រមាណពី៥ ទៅ៦ម៉ឺននាក់ នឹងចូលរួមក្នុងពេលតែមួយ។

លោកបានបន្តថា “យើងត្រូវការរៀបចំផ្លូវអាទិភាពសម្រាប់ការតភ្ជាប់ ដោយសា​លារាជធានីភ្នំពេញ បានរៀបចំគម្រោងរួចហើយនូវការសាងសង់ផ្លូវថ្មី ចំនួន២ខ្សែ ដោយខ្សែទី១ភ្ជាប់ពីផ្លូវOCIC ឆ្ពោះទៅវិមានឈ្នះ ឈ្នះ និងខ្សែទី២ គឺជាផ្លូវស្របតាមដងទន្លេ​សាប តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ឆ្ពោះទៅដល់ចំណុចស្ពានលីយ៉ុងផាត់ (បុកមកមហាវិថីឈ្នះឈ្នះដែរ)”។

លោកវ៉ាត់ ចំរើនបានឱ្យដឹងទៀតថា នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញដែលគ្រោងនឹងសាង់សង់ផ្លូវពីរខ្សែថ្មីនេះ ឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២២ ពោលគឺមុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលផ្លូវ២ខ្សែនេះ នឹងជួយរំដោះការកកស្ទះពីផ្លូវជាតិលេខ៦បាន”៕


ចែករំលែក