ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានសន្យាបន្តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដើម្បីបន្តចូលរួមគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ គ្រប់វិស័យនៅកម្ពុជា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏ស្និទ្ធស្នាល។
ក្នុងកិច្ចជំនួបពិភាក្សាការងារជាផ្លូវការកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា បានសន្យាបន្តផ្តល់ជំនួយហិរញ្ញប្បទាន ឥតសំណងដល់កម្ពុជាបន្ថែមពីលើអ្វីដែលធ្លាប់ធ្វើកាលពីពេលកន្លងទៅ។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកដល់ពេលនេះសម្រេចបានលទ្ធផលល្អប្រសើរ ចំពោះក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ ក្នុងន័យនេះ រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវាកម្មសុខាភិបាល លើកកម្ពស់សន្តិសុខស្បៀង និងកែលម្អជីវភាពប្រជាជន ជាពិសេសប្រជាជននៅតាមជនបទ និងអ្នកបាត់បង់ ការងារនៅទីក្រុង។
លោកបានបញ្ជាក់ថា “សំខាន់ជាងនេះទៅទៀត ហិរញ្ញប្បទានឥតសំណងទាំងនេះនឹងជួយដល់ស្ត្រីរងគ្រោះដោយសារអំពើហិង្សា និងជនពិការ។ បន្ថែមពីនេះ ក៏មានគម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ ដូចជា ប្រព័ន្ធធារាសាស្ត្រ បណ្តាញទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនីជាដើម”។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីកិច្ចស្វាគមន៍ និងគាំទ្រទៅលើគម្រោងរបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលីចំពោះកម្ពុជា។
លោកបណ្ឌិតបានលើកឡើងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា- អូស្ត្រាលី ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ហើយបាននាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។ ជាក់ស្ដែង ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយបញ្ហានៃវិបត្តិជំងឺ Covid-19 រដ្ឋាភិបាលអូស្ត្រាលី ក៏បានជួយបន្ថែមទៀតដល់វិស័យសុខាភិបាល ក៏ដូចជាបានតម្រឹមកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍របស់ខ្លួនសំដៅជួយស្ដារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋាភិបានប្រទេសអូស្ត្រាលីទើបតែបានប្រកាសផ្តល់ជំនួយឥតសំណង់ថ្មីចំនួន២ ដែលមានទឹកប្រាក់សរុបប្រមាណជាង៦លានដុល្លារអូស្ត្រាលី ដើម្បីចូលរួមឧបត្ថម្ភសម្រាប់ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 នៅកម្ពុជា៕






