រដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ អាចចូលមកកាន់ប្រទេសកម្ពុជាវិញ

ចែករំលែក

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាតាមក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ រួមមាន អ៊ឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីស្ថានភាពឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសត្រូវបានព្យាបាលជាសះស្បើយ ១០០ ភាគរយ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ឱ្យដឹងថា ការអនុញ្ញាតឱ្យភ្ញៀវបរទេស មកពីប្រទេសទាំងនេះ ចូលមកកម្ពុជាឡើងវិញ ធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍នៃការរីករាលដាលជំងឺ Covid-19 ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ៖

១-និរាករណ៍ការផ្អាកមិនឱ្យជនបរទេសមកពីប្រទេស អឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ បារំាង និងអាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០។

២-គ្រប់អ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជាទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថា គ្មានមេរោគ Covid-19 ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលសាម៉ីក្នុងរយៈពេល ៧២ ម៉ោង ។
បន្ថែមពីលើសនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាមេរិកក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានផ្សេងៗ ទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ។

៣- អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរងចំា ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគ Covid-19 និងរងចំាទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស័្ទរ។

ជនបរទេសនៅប្រទេសទាំងអ៊ឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺ Covid-19 នៅក្នុងប្រទេស និងសកលោកកាន់តែខ្លាំងក្លានាពេលកន្លងមក៕


ចែករំលែក