ដោយៈ រ៉ាណេត
ព្រះសីហនុៈ ជាមួយនឹងការពង្រឹងកិច្ចអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្ត ជាពិសេសក្រុងដែលកំពុងមានការរីកដុះដាល នូវសំណង់អាគារពាណិជ្ជកម្មចំរុះធំៗយ៉ាងស្អេកស្កះ រដ្ឋបាលខេត្តបានធ្វើការរុះរើ និងដោះស្រាយលើបញ្ហាសំណង់ខុសច្បាប់បានប្រមាណជាង៧០ភាគរយ នៃចំនួនសរុបប្រមាណ១០០០ខ្នង ក្នុងក្រុងព្រះសីហនុ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ លោក នង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តបានមានប្រសាសន៍កាលពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០២០នេះថា ជាមួយនឹងផែនការនៃការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មបែបទំនើប និងជាមណ្ឌលហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្ននេះក្រៅពីការជំរុញ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងខេត្ត រដ្ឋបាលខេត្តក៏បានដោះស្រាយលើបញ្ហាសំណង់ខុសច្បាប់ សម្រេចបានលទ្ធផលប្រមាណជាង៧០ភាគរយ។
លោកបានមានប្រសាសន៍ថា “រាល់សំណង់ខុសច្បាប់ទាំងអស់ មានជាង១០០០ខ្នង ត្រូវបានដោះស្រាយបានសរុបប្រមាណជាង៧០ភាគរយ ក្រោមគោលនយោបាយសំណង់”។ លោកបន្តថា “សម្រាប់សំណង់ខ្លះ ដែលខុសលក្ខណៈបច្ចេកទេសក្នុងការសាងសង់ ក៏ត្រូវបានសម្រេចឱ្យមានការកែតម្រួល ឱ្យស្របទៅតាមលក្ខខណ្ឌនៃច្បាប់សំណង់ផងដែរ”។
លោកបានបញ្ជាក់ទៀតថា ក្នុងផែនការរបស់របស់រដ្ឋបាលខេត្ត គឺនៅត្រឹមដំណាច់ឆ្នាំ២០២០ខាងមុខនេះ ត្រូវបញ្ចប់ទៅលើបញ្ហានៃសំណង់ខុសច្បាប់ ទូទៅនៅទូទាំងខេត្តព្រះសីហនុ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង៣៤ខ្សែ ត្រូវបានពន្លឿនការសាងសង់ប្រកបដោយគុណភាព កម្រិតស្ដង់ដារសម្រេចបានជាង៩១ភាគរយ ដែលនឹងឈានទៅរកការបញ្ចប់ទាំងស្រុងក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។
ស្ថានភាពទូទៅនៅក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០២០នេះ បាននិងកំពុងតែបង្ហាញពីភាពល្អប្រសើរជាបណ្តើរៗវិញហើយ បន្ទាប់ពីជួបភាពអាប់អួរ កាលពីពាក់កណ្តាលឆ្នាំ២០១៩កន្លងទៅ ជាពិសេសក្រោយពេលរដ្ឋាភិបាលបានខិតខំស្ដារ នូវហេដ្ឋារចនាសម្ព័ន្ពនានានៅទូទាំងខេត្ត រួមជាមួយនឹងយុទ្ធសាស្ត្រ ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិមកបន្ថែមទៀត។
តាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ នៅទូទាំងខេត្តព្រះសីហនុ កំពុងតែត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្ដារ និងអភិវឌ្ឍន៍ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅក្នុងតំបន់កណ្តាលក្រុង ដែលជាទីបណ្តុំនៃសំណង់មជ្ឈមណ្ឌលពាណិជ្ជកម្មបែបទំនើបយ៉ាងស្អេកស្កះ។
បន្ថែមពីនេះ ស្ថិតនៅក្នុងតំណាក់កាលនៃការស្ដារឡើងវិញ នូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធ នៅគ្រប់ទីកន្លែងដែលប្រាកដថាមានភាពល្អប្រសើរ ដែលអាជួយជម្រុញកិច្ចអភិវឌ្ឍន៍ខេត្តមួយនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ក៏ដូចជាតំបន់ដែលមានភាពទាក់ទាញជាងគេ នៅក្នុងប្រទេសកម្ពុជាផងដែរ ទាំងវិស័យពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ៕






