ដោយ ប៊ី
ភ្នំពេញៈ ការនាំចេញនៃឧស្សាហកម្ម ពាក់កណ្តាលធុនធ្ងន់របស់កម្ពុជាមានតម្លៃ ២៦៦លានដុល្លារក្នុងទីត្រីមាសទី១ ឆ្នាំ២០២០ បន្ទាប់ពីកម្ពុជាទទួលបានការវិនិយោគ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមទូរលេខបង្ហាញដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយកាលពីពេលថ្មីៗនេះ។

ឧស្សាហកម្មពាក់កណ្តាលធុនធ្ងន់ រួមមាន ឧស្សាហកម្មផលិតគ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងកង់ជាដើម ដែលកំពុងនាំមុខ និងកំពុងមានកំណើននៃការនាំចេញខ្ពស់។
តួលេខបង្ហាញដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២០នេះ ការនាំចេញគ្រឿងបង្គុំអេឡិចត្រូនិក មានចំនួនប្រមាណជាង៦ពាន់តោន មានទំហំទឹកប្រាក់នៃការនាំចេញជាង២៦៣ ប៊ីលានរៀល ត្រូវប្រមាណ ៦៥លានដុល្លារ បានកើនឡើងជាង៣០លានដុល្លារ បើធៀបនិងរយៈពេលដូចគ្នាទៅឆ្នាំ២០១៩ ។
ចំណែកការនាំចេញគ្រឿងបង្គុំរថយន្តវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចេញផលិតផលប្រភេទនេះសរុបមានជាង២ពាន់តោន មានទំហំទឹកប្រាក់នៃនាំចេញ ១០៦ប៊ីលានរៀល ស្មើជាង៨២លានដុល្លារអាមេរិក បានកើនឡើងជាង២៤ លានដុល្លារអាមេរិក បើធៀបនិងរយៈពេលដូចគ្នាទៅឆ្នាំ២០១៩ ផងដែរ ។
ចំពោះឧស្សាហកម្មផលិតកម្មកង់វិញ សម្រាប់បម្រើទីផ្សារនាំចេញនេះដែរ ចំនួននៃការនាំចេញនៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២០នេះ សរុបមាន៤៩៨ពាន់គ្រឿង សរុបជាទឹកប្រាក់មានជាង៤៨៣ប៊ីលានរៀល ត្រូវប្រមាណ១១៩លានដុល្លារ បានកើនឡើងជាង ១០លានដុល្លារអាមេរិក ។
ឧស្សាហកម្មពាក់កណ្តាលធុនធ្ងន់របស់កម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមក ឧស្សាហកម្មប្រភេទនេះ បានកំពុងបម្រើដល់ទីផ្សារនាំចេញយ៉ាងល្អប្រសើរ និងកំពុងមានកំណើននៃការនាំចេញខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌផ្សេង៕






