ក្រសួងសាធារណការ នឹងសាងសាង់ស្ពានអាកាសថ្មើជើងឆ្លងកាត់លេខ ៣ ត្រង់ចំណុងផ្សារត្រាំខ្នារ

ចែករំលែក

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនគ្រោងនឹងសាងសង់ស្ពានអាកាសថ្មើរជើងមួយកន្លែងឆ្លងកាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុចផ្សារត្រាំខ្នារ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរចរណ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ៣ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ផ្លូវជាតិលេខ ៣ ដែលកំពុងសាងសង់នេះ សាងសង់ជា ៤គន្លង ពោលទៅ ២ មក២ ដែលធ្វើឱ្យការបើកបរមានល្បឿនលឿន ដែលងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដល់ប្រជាពលរដ្ឋ។

លោកបន្តថា “ផ្លូវនេះ មានទទឹង ២៤កន្លះ ដែលមានប្រវែងវែង ដូច្នេះ ហើយបានយើងសាងសង់ស្ពានអាកាសថ្មើជើងឱ្យបងប្អូនយើងឆ្លងដើម្បីការសុវត្ថិភាពរបស់ពួកគាត់ត្រប់ចំណុចផ្សារត្រាំខា្នរនេះ ហើយដាក់របាំងនៅកណ្តាលផ្លូវមិនអោយគាត់ដើរទេ”។

លោកបន្ថែមថា “ ចំណែកមូតូ ឬ ឡានដែលមានការជិះចូលផ្សារយើងអនុញ្ញាតឱ្យគាត់ជិះវាង ប្រមាណ ១៥០ ម៉ែត្រ សងខាង ទើបអាចឆ្លងបាន។ ជាមួយគ្នានេះ យើងក៏ដាក់កាមេរាសុវត្ថិភាពផងដែរ ដើម្បីចាប់ល្បឿននៅក្នុងតំបន់ទីប្រជុំជន ដូចតំបន់ផ្សារត្រាំខ្នារនេះ កុំឱ្យមានការបើកល្បឿនហួសកំណត់”។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការស្ថាបនាផ្លូវជាតិលេខ ៣ រហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ៧០ ភាគរយហើយ និងបញ្ចប់នៅក្នុងខែ ១២ ក្នុងឆ្នាំ ២០២១ ខាងមុខនេះ ។ តាមផែនការនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២២ ក៏ប៉ុន្តែ ក្រុមហ៊ុនសាងសង់ធ្វើបានលឿន គម្រោងនេះ នឹងបញ្ចប់នៅក្នុងខែ ១២ ក្នុងឆ្នាំ ២០២១ ពោលគឺមានរយៈពេល ៩ ខែមុន នៃពេលវេលាសាងសង់ ។

លោកបញ្ជាក់ទៀតថា “ក្រុមហ៊ុន គ្រោងនឹងបញ្ចប់សាងសង់នៅក្នុងឆ្នាំ ២០២២ តែដោយសារមានការសហការល្អជាមួយនឹងអាជ្ញាធរក្នុងការដោះស្រាយផលប៉ះពាល់បានលឿន ធ្វើឱ្យក្រុមហ៊ុនសាងសង់ក៏បានលឿនផងដែរ ពោលបញ្ចប់មុនការគ្រោងទុក”៕


ចែករំលែក