រដ្ឋាភិបាលគ្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិ សម្ដេច ហ៊ុន សែន នៅភ្នំបូកគោ

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកំពុងសិក្សាលម្អិតពីការអនុវត្តគម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ រួមជាមួយនឹងការបង្កើតឧទ្យានជាតិ សម្ដេច ហ៊ុន សែន កំពត ដែលមានទីតាំងស្ថិតតំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ ដែលជាសមិទ្ធផលថ្មីសម្រាប់ខេត្តកំពត។

ជាមួយនឹងគម្រោងនៃការសាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិ សម្ដេច ហ៊ុន សែន កំពត ទាំង២ខាងលើនេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មន្ត្រីជំនាញដែលពាក់ព័ន្ធទៅនឹងការអនុវត្តគម្រោងបានបើកកិច្ចប្រជុំពិភាក្សាលម្អិតទៅលើការដោះស្រាយផលប៉ះពាល់នានាទាំងនៅក្នុង និងក្រៅគម្រោងផងដែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានលើកឡើងថា គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេច ហ៊ុន សែន កំពតនេះ គឺជាគម្រោងមួយដែលអនុវត្តផ្អែកតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលផ្ដល់ជូនអគ្គិសនីកម្ពុជា ដើម្បីអនុវត្តដំណើរការគម្រោងសាងសង់នៅក្នុងឆ្នាំ២០២០នេះ នឹងអាចត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខ។

លោកបានបញ្ជាក់ថា ទីតាំងនៃគម្រោង គឺស្ថិតនៅតំបន់សហគមន៍នៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា នៅក្នុងភូមិសាស្ត្រ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។ ទំហំការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានច្រើនគួរសមដែលបម្រើឱ្យការសិក្សាស្រាវជ្រាវបទពិសោធន៍ និងចង់ដឹងពីបច្ចេកវិទ្យាវិស័យវារីអគ្គិសនីនៅកម្ពុជា ក៏ដូចជាបំរើឱ្យវិស័យទេចរណ៍ក្នុងតំបន់នៃខេត្តកំពតនេះផងដែរ។

អភិបាលខេត្តកំពត លោក ជាវ តាយ បានបង្ហាញពីការគាំទ្រដល់ការអនុវត្តនូវគម្រោងជាតិដ៏មានសារៈសំខាន់មួយនេះ នៅក្នុងស្មារតីឆន្ទៈ សហការ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងសម្រេចបានជាសមិទ្ធផលរបស់ប្រទេសជាតិជាប្រវត្តិសាស្រ្ត សម្រាប់បម្រើប្រយោជន៍សាធារណៈ ពិសេសក្នុងវិស័យទេចរណ៍ នៅតំបន់រមណីយដ្ឋានទឹកឈូខេត្តកំពត។

គោលដៅនៃគម្រោងនេះ គឺផ្តោតសំខាន់លើបញ្ហា២ គឺទី១ សំដៅការបង្កើតឱ្យមានជាបណ្ដុំវ៉ារីអគ្គិសនីនៅ តាមបណ្ដាខេត្តទាំងឡាយមួយចំនួនដែលមានក្នុងប្រទេសកម្ពុជាសម្រាប់ ផ្ដល់ការចង់ដឹងរបស់អ្នកទេសចរជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ ទាំងអស់មកកម្សាន្តនៅតំបន់ឧទ្យានជាតិ បូកគោ ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ អំពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា គឺអាចដឹងបានដោយមិនចាំបាច់ទៅមើលដល់ទីកន្លែងឡើយ។
ទី ២ ការដាក់ឧទ្យានជាតិនេះ គឺសំដៅ ចង់ឲ្យមានការទាក់ទាញទេសចរជាតិ – អន្តរជាតិ ក៏ដូចជាអនុញ្ញាតឱ្យប្រជាពលរដ្ឋមកកម្សាន្តនៅតំបន់នេះកាន់តែច្រើនជាមួយនឹងសមិទ្ធផលថ្មីរបស់ជាតិក៏ដូចជាសមិទ្ធផលសម្រាប់ខេត្តកំពតផងដែរ៕


ចែករំលែក