ការពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣សម្រេចបាន៧៤% នឹងបញ្ចប់ នៅក្នុងចុងឆ្នាំ ២០២១

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងពង្រី​ក និងលើកកម្រិតផ្លូវជាតិលេខ៣ គិតរហូតមកទល់ពេលនេះសម្រេចបាន៧៤%ហើយ អាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ខណៈតាមផែនការប្រើប្រាស់រយៈពេល៤៨ខែ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ចាប់់ពីចោមចៅ ទៅកាន់ក្រុងកំពត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះបញ្ជាក់ថា តាមគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះ ត្រូវបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយ​សារវឌ្ឍនភាព នៃការសាងសង់បានដំណើរការដោយភាពរលូន ហើយការសាងសង់អាចនឹង ត្រូវបញ្ចប់នៅចុងឆ្នាំ២០២១។

លោកថ្លែងថា “ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យគុណភាពនៃការសាងសង់ថាតើស្របតាម បទដ្ឋានបច្ចេកទេសនិងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា”។លោកបន្តថា “ការធ្វើការតាមនដាននេះ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ”។

គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ(ភ្នំពេញ) ទៅបាយគូសប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង កៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគូសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រចែកជា២គន្លង។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេក ទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ៕


ចែករំលែក