ដោយវុត្ថា
ភ្នំពេញ៖ អាជ្ញាធរខេត្តកោះកុងបានចុះពិនិត្យការដ្ឋាន និងសម្របសម្រួល ជាមួយភាគីម្ទាស់ដី ដែលទទួលរងផលប៉ះពាល់ ពីគម្រោងសាង់សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលស្ថិតនៅក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីពន្លឿនការសាងសង់ឱ្យចប់ស្របទៅតាមផែនការ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងពិធីដឹកនាំមន្ត្រីចុះពិនិត្យការដ្ឋាន និងសម្របសម្រួល ជាមួយភាគីម្ទាស់ដី កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញននេះឱ្យដឹងថា គម្រោងល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឆ្លងកាត់ខេត្តកោះកុង មួយចំនួន ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ម្ចាស់ដីខ្លះ។
លោកបន្តថា ក្រុមការងារថ្នាក់ខេត្ត ស្រុក បានកំពុងសម្របសម្រួល ជាមួយអ្នកពាក់ព័ន្ធ និងគម្រោងធ្វើយ៉ាងណាអោយគម្រោងសម្រេចបានជោគជ័យស្របតាមផែនការមេ និងទទួលបានសមិទ្ធផលថ្មី ដែលបម្រើប្រយោជន៍ជាតិទាំងមូល។
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway )ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបានការសាងសងប្រមាណ ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០ ។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក៕






