ដោយៈវុត្ថា
ភ្នំពេញៈ យោងតាមការរីកចំរើនរបស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ជាពិសេសថ្នាក់មន្ទីរ និងសាខាការពារអ្នកប្រើប្រាស់ខេត្ត ត្រូវធ្វើការងារឱ្យសកម្ម ដោយត្រូវពង្រឹង នូវការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានថ្មីៗ ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម។
នៅក្នុងគោលការណ៍ដែលបានដាក់ចេញ និងបានជំរុញបន្ថែមពីសំណាក់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ ខេត្តត្រូវសហការជាមួយអាជ្ញាធរដែនដី ចុះពង្រឹងការអនុវត្តប្រកាសលេខ០៨១ ពណ ចបព ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រង និងការចេញលិខិតអនុញ្ញាតប្រកបអាជីកម្ម សេវាកម្ម ពាណិជ្ជកម្ម សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីត្រួតពិនិត្យទំនិញ។
– ត្រូវគ្រប់គ្រងសកម្មភាពអាជីវកម្ម លោហៈធាតុត្បូងថ្ម មានតម្លៃជាគ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ និងជាពិសេសប្រកាសអន្តរក្រសួង លេខ២៥៧ ពណ ចបព ប្រក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ស្តីពី ការប្រើប្រាស់នាមករណ៍សហគ្រាស ក្រុមហ៊ុន នៅលើលិខិតឯកសារ ស្លាកសញ្ញាសម្រាប់តាំងបង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍។
ការអនុវត្តទាំងនេះ ដើម្បីការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ លើសកម្មភាពអសកម្មរបស់អាជីករ និងជាមុខមាត់របស់ប្រទេសជាតិលើករណីមួយចំនួន ដូចជាការលើកផ្លាកយីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្ត និងទីតាំងផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប តាមលក្ខណៈបចេ្ចកទេស ។ល។ កុំចាំបាច់តែក្រុមការងារពង្រឹងមន្ទីរចុះមកធ្វើទេ ត្រូវចេះម្ចាស់ការដោយខ្លួនឯង។
– សាខាការពារអ្នកប្រើប្រាស់ខេត្ត ត្រូវធ្វើការត្រួតពិនិត្យដោយអនុលោមតាមខ្លឹមសារអនុក្រឹត្យលេខ២១ អនក្រ.បក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ឱ្យមានប្រសិទ្ធភាព ស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ។
– មន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ខេត្ត ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង។
– មន្ទីរពាណិជ្ជកម្មខេត្ត ត្រូវពិនិត្យ និងតាមដានការប្រកបអាជីវកម្មដែលមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ឬស្ថាប័នពាក់ព័ន្ធ និងការប្រើប្រាស់ឈ្មោះ និងស្លាកសញ្ញាស្រដៀងគ្នា នាំអោយមានការយល់ច្រឡំ។
– មន្ទីរពាណិជ្ជកម្មខេត្ត ត្រូវសហការណ៍ជាមួយអាជ្ញាធរខេត្ត លើអនុវត្តការងារវិម ជ្ឈការ និងវិសហមជ្ឈការ ដែលថ្មីៗនេះរាជរដ្ឋាភិបាលបានចេញសេចក្តី សម្រេចកាត់មន្ត្រីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទាំងអស់ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម ក៏មានមុខងារមួយចំនួន បានផ្ទេរទៅឱ្យថ្នាក់ស្រុកសម្រាប់អនុវត្តផងដែរ តាមរយៈអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង និងអនុក្រឹត្យលេខ១៨៤ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក៕