ដោយៈ រ៉ាណេត
កំពតៈ គម្រោងវិនិយោគនិងអភិវឌ្ឍន៍ថ្មីមួយទៀត មានតម្លៃជិត២២លានដុល្លារ នឹងបង្ហាញវត្តមាន នៅតំបន់ឧទ្យានជាតិព្រះមុនីវង្សនៃភ្នំបូកគោ បន្ថែមពីលើគម្រោងធំៗដែលមានស្រាប់ដូចជា គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ រួមជាមួយនឹងគម្រោងបង្កើតឧទ្យានជាតិ សម្ដេច ហ៊ុន សែន កំពត។
ស្របពេលទៅនឹងគម្រោងអភិវឌ្ឍន៍ធំៗ ដែលមានតម្លៃសរុបរាប់រយលានដុល្លារនៅតំបន់ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដូចជា គម្រោងអភិវឌ្ឍន៍ក្រុងថ្មីរបស់ក្រុមហ៊ុន សុខា ដែលរាប់បញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវថ្នល់ដែលមានភាពសំខាន់ដល់គម្រោង ក៏ដូចជាគម្រោងបង្កើតឧទ្យានជាតិ សម្ដេចហ៊ុន សែន កំពត ដែលរដ្ឋាភិបាល ទើបប្រកាសកាលពីចុងសប្ដាហ៍កន្លងទៅ ពេលនេះមានគម្រោងវិនិយោគតម្លៃជិត២២លានដុល្លារ ក៏ត្រៀមបង្ហាញខ្លួននៅតំបន់នេះផងដែរ។
គម្រោងវិនិយោគថ្មីដែលមានតម្លៃជិត២២លានដុល្លារនេះ នឹងបង្ហាញខ្លួនក្នុងរូបភាពក្នុងវិស័យកសិ-ឧស្សាហកម្ម បង្កើតជាកសិដ្ឋាន ដូងប្រេង កៅស៊ូ និងល្ហុងប្រេង របស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដោយមានទីតាំងវិនិយោគ ស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត អាចបង្កើតការងារបានចំនួន២.០៧០កន្លែង។
ជាមួយនឹងគម្រោងវិនិយោគ និងការអភិវឌ្ឍន៍ពីវិស័យឯកជន និងរដ្ឋាភិបាលនៅទូទាំងខេត្តកំពត លោកអភិបាលខេត្តកំពត ជាវ តាយ ធ្លាប់បានបង្ហាញពីគោលជំហរក្នុងកិច្ចសហការ ជួយសម្របសម្រួល ដល់គ្រប់ដំណើរវិនិយោគទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យគ្រោងកាអភិវឌ្ឍន៍ទាំងអស់ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ៕






