មជ្ឈមណ្ឌលពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន នឹងបង្ហាញខ្លួនលើទំហំដី ២៥ហិកតា នៅខេត្តពោធិ៍សាត់

ចែករំលែក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងសាងសង់មជ្ឈមណ្ឌលពហុកីឡដ្ឋាន សម្តេចតេជោ ហ៊ុន សែន « SAMDACH HUN SEN SPORT CENTER» ស្ថិតលើផ្ទៃដីប្រមាណ២៥ហិកតា ក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នេះ បើយោងតាមកិច្ចប្រជុំពិភាក្សារវាងលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង រួមជាមយនឹងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវ (៨ និង១០ម៉ែត្រ) វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត ។ល។ ពហុកីឡដ្ឋាននេះ នឹងឆ្លើយតបទៅនឹងការរីកចំរើនរបស់ខេត្តក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ ។

យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តមិនទាន់បានបង្ហាញពីទំហំទឹកប្រាក់ និងពេលវេលានៃការចាប់ផ្តើមសាងសាង់នូវពហុកីឡដ្ឋាននេះនៅឡើយទេ ខណៈខេត្តនេះ បានទទួលគម្រោងវិនិយោគលើវិស័យសាធារណៈ និងឯកជន និងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានដាក់ចេញនូវផែនការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គមឱ្យមានការរីកចំរើនបន្ថែមទៀត។

“ពោធិ៍សាត់” គឺជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុង ចំនួន ២៥របស់កម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១២ ៦៩២គីឡូម៉ែត្រការ៉េ ឋិតនៅភាគខាងលិចនៃប្រទេស មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង ព្រមទាំងមានព្រំដែននៃប្រទេសថៃ ។ ខេត្តដែលនៅមិនឆ្ងាយពីភ្នំពេញមួយនេះមានសក្តានុពលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្មដ៏មានឥទ្ធិពលមួយរបស់កម្ពុជា៕


ចែករំលែក