ដោយ ៖ វុត្ថា
កណ្តាល ៖ អាជ្ញាធរខេត្តកណ្តាលបានដោះស្រាយផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលឆ្លងកាត់នៅក្នុងមូលដ្ឋានខេត្ត សម្រេចបានជិត ៦០ ភាគរយ ខណៈដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសពីដំណោះស្រាយផលប៉ះពាល់បាន ៨៨,៨៤ ភាគរយ គិតត្រឹមខែមេសា ឆ្នាំ ២០២០ លើគម្រោងទាំងមូល ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំប្រជុំមួយស្តីពីការដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនឆ្លងកាត់ស្រុកអង្គស្នួល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានប្រវែង១៨៧.០៥គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន៥ ក្នុងស្រុកអង្គស្នួល ក្នុងនោះមាន ឃុំពើក ឃុំឆក់ឈើនាង ឃុំបែកចាន ឃុំសំរោងលើ និងឃុំដំណាក់អំពិល ដែលមានប្រវែង ៨.៩២ គីឡូម៉ែត្រ។ លោកបន្តថា កន្លងមកក្រុមការងារអន្តរក្រសួង និងអាជ្ញាធរ បានដោះស្រាយរួចរាល់បានប្រវែង ៥.២២គីឡូម៉ែត្រ នៃប្រវែងផ្លូវ ៨.៩២គីឡូម៉ែត្រ ស្មើនឹង៥៨.៥២ភាគរយ។
ជាមួយគ្នានេះ លោកបានស្នើឱ្យក្រុមការងារអន្តរក្រសួងបន្តសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ដើម្បីដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលមិនទាន់ព្រមព្រៀងលើដំណោះស្រាយរបស់ក្រុមការងារ ហើយការដោះស្រាយនេះត្រូវតែប្រើវិធីសាស្រ្តដ៏ទន់ភ្លន់ និងស្របតាមទិដ្ឋភាពច្បាប់ ដើម្បីឱ្យគម្រោងផ្លូវល្បឿនលឿនអាចដំណើរការសាងសង់ និងបញ្ចប់ការងារតាមផែនការគ្រោងទុកនៅដំណាច់ឆ្នាំ២០២២ ។
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway ) ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបានការសាងសងប្រមាណ ២០,៦៥ ភាគរយ និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤ ភាគរយ គិតត្រឹមខែមេសា ឆ្នាំ ២០២០ ។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយចំណាយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ខាងមុខ នេះ ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ ២០០០លានដុល្លារអាមេរិក៕







