ខេត្តព្រះសីហនុចាប់ផ្តើមរៀបចំសួនកម្សាន្តឆ្នេរអូរត្រេះ២ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ចែករំលែក

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ ខេត្តព្រះសីហនុចាប់ផ្តើមរៀបចំសួនកម្សាន្តឆ្នេរអូរត្រេះ២ ប្រវែង១,៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍន៍បង្កើនសោភ័ណភាពទាក់ទាញទេសចរ និងឆ្នេរសាធារណ: ការការពារបរិស្ថានសណ្តាប់ធ្នាប់ អនាម័យល្អ ជួយលើកកម្ពស់សេវាកម្ម និងផលិតផលទេសចរណ៍ប្រកបដោយចិរភាពឱ្យមានវិសាលភាព។


ក្រុមហ៊ុន OTRES MANAGEMENT CO., LTD ដែលជាអ្នកទទួលបន្ទុកក្នុងការរៀបចំសួននេះ បានធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះឱ្យដឹងថា ក្រុមហ៊ុននឹងរៀបចំដូចជា ក្រាលការ៉ូឡាកន្លែងចតរថយន្ត រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង តំឡើងបង់អង្គុយលេង សាងសង់បន្ទប់ទឹកថ្មី រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់ រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ រៀបចំសួនកុមារ និងឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ មានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្ររបស់យើងជាលំហរសាធារណ: បម្រើ ឱ្យសាធារណ:ជន កាលណាយើងបាត់បង់ឆ្នេរ នោះយើងនឹងបាត់បង់ភ្ញៀវទេសចរ។

លោកបន្តថា ការសិក្សារៀបចំឆ្នេរសមុទ្រតាមគំរូប្លង់រៀបរយ ដោយសិក្សាប្លង់មេឱ្យបានទូលំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេសទៀតរៀបចំឱ្យមានសត្វលម្អ មានដូចជា សត្វក្ងោក សត្វកំប្រុក ឬសត្វផ្សេងៗទៀតជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

លោកអភិបាលខេត្តថ្លែងថា “ឆ្នេរសមុទ្ររបស់យើងមិនអនុញ្ញាតឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្ររបស់យើងជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ”៕


ចែករំលែក