សម្ដេចតេជោ ហ៊ុន សែន សម្រេច អនុញ្ញាតឱ្យពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសដោយមិនតម្រូវឱ្យមានវិញ្ញាបនបត្រសុខភាព

ចែករំលែក

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាវិធានការបន្ទាន់ និងសម្រួលដល់ផលលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើដំណើរ ឬនៅក្រៅប្រទេសមានបំណងត្រឡប់ចូលប្រទសេកម្ពុជាវិញនោះ សម្ដេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតដោយមិនចាំបាច់មានវិញ្ញាបនបត្របញ្ជាក់ពីសុខភាពនោះឡើយ សម្រាប់ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា។

ជាដំណោះស្រាយ និងសម្រួលដល់ផលលំបាករបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលកំពុងធ្វើដំណើរ ក៏ដូចជាអ្នកធ្វើដំណើរនៅក្រៅប្រទេស ហើយវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរ ឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លង Covid-19 ទេ។

វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញ គឺតម្រូវឱ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហេីយដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថា តេីមានរោគឆ្លង ឬអត់រោគឆ្លង ទេីបអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ។

កាលពីដើមសប្ដាហ៍កន្លងទៅនេះ ជាឆ្លើយតបទៅនឹងសេចក្ដីប្រកាសរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺឆ្លង Covid-19 រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានចេញសេចក្ដីណែនាំ និងដាក់ចេញនូវវិធានការចំនួន៤ចំណុចបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលកំពុងហោះហើរចេញចូលព្រះរាជាណាចក្រកម្ពុជា។

ទី១- រាល់អ្នកដំណើរតាមផ្លូវអាកាសរបស់ខ្លួនទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថាគ្មានមេរោគ Covid-19 ក្នុងរយៈពេល៧២ម៉ោង និងឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារ ក្នុងកំឡុងពេលស្នាក់នៅកម្ពុជា ត្រូវតែបង្ហាញឯកសារច្បាប់ដើមដល់មន្ត្រីបម្រើសេវាកម្មចុះឈ្មោះឡើងជិះយន្តហោះ នៅតាមបណ្តាអាកាសយានដ្ឋានអន្តរជាតិ។

ទី២- រាល់វិញ្ញាបនបត្របញ្ជាក់ពីសុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវតែចេញដោយមន្ទីរពេទ្យ វិទ្យាស្ថានសុខាភិបាល ស្ថាប័ន ភ្នាក់ងារ ឬក្រុមហ៊ុន ដែលអាចជឿទុកចិត្តបាន និងអាចទំនាក់ទំនងបានគ្រប់ពេលវេលា។

ទី៣- ក្រុមហ៊ុនអាកាសចរណ៍ ពុំអាចដឹកអ្នកដំណើរតាមផ្លូវអាកាសរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ជាដាច់ខាត់ ប្រសិនបើចំណុចទី១ និងទី២ មិនបានបំពេញ។

ទី៤- ក្រុមហ៊ុនអាកាសចរណ៍ក៏ត្រូវមានភារកិច្ចដូចជា ៖
– ថតចម្លងទុកនូវវិញ្ញាបនបត្របញ្ជាក់ពីសុខភាព និងឯកសារធានារ៉ាប់រងសុខភាពរបស់អ្នកដំណើរតាមផ្លូវអាកាសរបស់ខ្លួនទុកជាឯកសារសម្រាប់រយៈពេល២០ថ្ងៃ ដើម្បីឆ្លើយតបរាល់សំណើរកិច្ចសហការស៊ើបអង្កេតណាមួយរបស់អាជ្ញាធរសមត្ថកិច្ចកម្ពុជា ។
– ផ្ញើចំនួនអ្នកដំណើរសរុបលើកទី១ដែលបានកក់សំបុត្រយន្តហោះជារៀងរាល់ម៉ោង១០ព្រឹកឱ្យបានមុនមួយថ្ងៃ មុនពេលចាប់ផ្ដើមធ្វើការហោះហើរជូនដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។
– ផ្ញើចំនួនអ្នកដំណើរសរុបចុងក្រោយ និងបញ្ជាក់ពីប្រភពដើមនៃចំណុចចាប់ផ្តើមធ្វើដំណើរ មុនពេលការហោះហើរមកកាន់ប្រទេសកម្ពុជា ជូនដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៕


ចែករំលែក