ដោយវុត្ថា
ភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ននេះ ខេត្តកណ្តាលមាន រោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើង ចំនួន ១៦៤ រោងចក្រ អាចស្រូបទាញកម្លាំងពលកម្មបានចំនួន ១៤៣,៧៦១ នាក់ (ស្រី ១២២,២៨៥ នាក់) ហើយកម្មករ-និយោជិត ជាមធ្យមទទួលបានប្រាក់ចំណូល ២៤៦ ដុល្លារ ក្នុង១ខែ, កម្មករ-និយោជិតសរុបទទួលបានប្រាក់ចំណូល ៣៥,៣៦៥,២០៦ ដុល្លារ ក្នុង១ខែ និង ក្នុងមួយឆ្នាំអាចទទួលបានប្រាក់ចំណូលសរុប ៤២៤,៣៨២,៤៧៨ ដុល្លារ។
នេះបើតាមការលើកឡើងរបស់លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល នៅក្នុងសន្នីសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់ខេត្តកណ្តាល នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យនៃរាជរដ្ឋាភិបាលកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
លោកបន្តថា ក្នុងចំណោមរោងចក្រប្រមាណចំនួន ១៦៤ មានតែរោងចក្រប្រមាណ ៤៤ រោងចក្រ ដែលត្រូវបានព្យួរប៉ុណ្ណោះ ក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺCovid-19 ហើយក្នុងនោះមានកាទាំងការព្យួទាំងស្រុង និងដោយផ្នែក តែយ៉ាងណាក៏ដោយវាមិនប៉ះពាល់ខ្លាំងនោះទេលើវិស័យនេះ ។

លោកបន្ថែមថា ខេត្តកណ្តាលគឺជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច ដោយក្នុងនោះ សម្រាប់ទិន្នផលសរុបរបស់ខេត្តនាឆ្នាំ២០១៨ មានប្រមាណ ៩.៤៩៤.៧៩៥ លានរៀល (ប្រាំបួនពាន់បួនរយកៅសិបបួនប៊ីលាន ប្រាំពីររយកៅសិបប្រាំលានរៀល) គិតជាដុល្លារប្រហែល ២ ៣៤៤ លានដុល្លារ(ពីរពាន់បីរយសែសិបបួនលាន)។
លោកបន្ថែមទៀតថា សម្រាប់ទិន្នផលសរុបប្រចាំឆ្នាំក្នុងមនុស្សម្នាក់ មាន ១ ៨៦០ដុល្លារ កើនឡើង ៧.៧០% ធៀបនឹងឆ្នាំ២០១៧ ។ សក្តានុពលនេះ ហើយបានធ្វើឱ្យអត្រាភាពក្រីក្រថយចុះមកត្រឹម ៥.៣៣% នាឆ្នាំ២០១៨ ដែលស្របទៅនឹងគោលដៅកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ឲ្យស្ថិតនៅក្នុងអត្រាទាបជាង ១០%។
លោកបញ្ជាក់ថា ខេត្តកណ្តាលមានកំណើនសេដ្ឋកិច្ចទទួលបានពីវិស័យកសិកម្មមាន ៣៨,៧% ឧស្សាហកម្ម ៣៤,២% សេវាកម្ម ២៧,១% ៕






