អគ្គនាយកដ្ឋានពន្ធដារ ៖ ការបង់ពន្ធអចលនទ្រព្យឆ្នាំ២០២០ នឹងត្រូវបញ្ចប់ត្រឹមចុងខែកញ្ញាខាងមុខនេះ

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ការប្រកាសបង់ពន្ធទៅលើអចលនទ្រព្យគ្រប់ប្រភេទ ក៏ដូចជាដីធ្លីនានាស្ថិតនៅក្នុងរាជធានី ក្រុង និងតាមបណ្តាខេត្តផ្សេងៗ នឹងត្រូវបញ្ចប់ឈប់ទទួលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ខាងមុខននេះ ។ នេះបើការសេចក្ដីជូនដំណឹងដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។

តាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ស្ដីពីការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ បានបញ្ជាក់ថាឱសានវាទនៃការប្រកាសបង់ពន្ធខាងលើនេះនឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។

នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានចូលប្រកាសបង់ពន្ធ និងបំពេញកាតព្វកិច្ចនៅឡើយនោះទេ។ អាស្រ័យហេតុនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ ឱ្យបានអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជៀសវាងនូវការកកស្ទះប្រជ្រៀតគ្នាចូលប្រកាសពន្ធនៅថ្ងៃជិតផុតកំណត់ ឬនាំឱ្យកើតមានបាតុភាពអសកម្មដោយប្រការណាមួយ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវរួសរាន់ចូលប្រកាសបង់ពន្ធឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ជៀសវាងទទួលរងនូវទោសទណ្ឌជាធរមាន៕


ចែករំលែក