គម្រោងអភិវឌ្ឍតម្លៃរាប់លានដុល្លារនៅក្រុងប៉ោយប៉ែតនៅតែមានសកម្មភាពសាងសង់យ៉ាងសកម្ម

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ធំៗដែលមានតម្លៃរាប់លានដុល្លារ ដូចជា គម្រោងកាស៊ីណូជាដើមនៅក្នុងក្រុងប៉ោប៉ែត នៅតែមានសកម្មភាពសាងសង់យ៉ាងសកម្ម ដោយពុំមានផលប៉ះពាល់ដោយសារបញ្ហាជំងឺ Covid-19 នោះទេ ខណៈក្រុងជាប់ព្រំដែនមួយនេះ មានសក្តនុពលខ្ពស់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ។


លោក សួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trust បានប្រាប់គេហទំព័រ propertyea.asia នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០បានឱ្យដឹងថា សកម្មភាពសាងសង់លើវិស័យកាស៊ីណូថ្មី ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០២០ កន្លងមកនេះគឺមិនមានជាបញ្ហានោះទេ បើទោះបីកម្ពុជា និងថៃ បានសម្រេចបិទច្រកពំ្រដែនជាបណ្តោះអាសន្ន ដោយសារព្រួយបារម្ភពីការរាតត្បាតនូវជំងឺ Covid-19

លោកបន្តថា ទីក្រុងប៉ោយប៉ែតទៅអនាគត នឹងដូចទៅនឹងម៉ាកាវទី២ ខណៈដែលមានគម្រោងកាស៊ីណូជាច្រើន បាននិងកំពុងសម្រុកមកកាន់តំបន់នេះ ដែលរហូតមកដល់ពេលនេះ មានកាស៊ីណូជាង៣០បាននិងកំពុងប្រតិបត្តិការ និងសាងសង់ថ្មីចំនួន១៥  ហើយក្នុងឆ្នាំ២០២០នេះ អាចនឹងបញ្ចប់ការសាងសង់ចំពោះកាស៊ីណូថ្មីៗទាំងនេះ

លោកបន្ថែមថា កាស៊ីណូដែលបាន និងកំពុងសាងសងថ្មីនិមួយៗមានតម្លៃ ប្រមាណ៥០លានដុល្លារអាមេរិក ម្យ៉ាងទៀត ក្រុងប៉ោយប៉ែត មានសក្តានុពលខ្ពស់លើវិស័យកាស៊ីណូ និងគម្រោងវិនិយោគធំៗផ្សេងទៀត ខណៈដែលរាជរដ្ឋាភិបាលបានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អ ដូចជាផ្លូវជាតិលេខ ពីប៉ោយប៉ែត ទៅបាត់ដំបងស្ថាបនាជិតចប់ជាដើម។


លោកបន្ថែមទៀតថា នៅតាមបណ្តោយផ្លូវកាស៊ីណូ នៅក្នុងក្រុងប៉ោយប៉ែតនាពេលបច្ចុប្បន្ននេះ មានគម្រោងសាងសង់គម្រោងធំៗជាច្រើន រួមជាមួយលំនៅឋាន បាននឹងកំពុងសាងសង់យ៉ាងសកម្ម តែសម្រាប់នៅតំបន់ក្រៅពីនេះ ហាក់មានសកម្មស្អប់ស្ងាត់ ទាំងការទិញលក់លើវិស័យអចលនទ្រព្យ។

លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ធ្លាប់បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ក្រុងប៉ោយប៉ែតមានការរីកចំរើនយ៉ាងខ្លាំង និងមានគម្រោងវិនិយោគជាច្រើន ចូលទៅក្នុងតំបន់នេះ ដែល ធ្វើឱ្យតម្លៃដីនៅក្រុងប៉ោយប៉ែត បានកើនឡើងពី២ទៅ៣ដង បើធៀបទៅនឹងរយៈពេលជាង១ឆ្នាំមុន។

លោកស្រីបន្តថា ការកើនឡើងដ៏លឿននេះ ដោយសារតែរាជរដ្ឋាភិបាល មានគម្រោងរៀបចំទីក្រុងប៉ោយប៉ែត ឱ្យក្លាយទៅជាតំបន់ឧស្សាហកម្ម ដែលប្រមូលផ្តុំដោយរោងចក្រ និងសហគ្រាសធំៗ

ក្រុងប៉ោយប៉ែតគឺជាទីក្រុងមួយ ដែលមានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំង ព្រោះជាទីក្រុងដែលនៅជាប់ព្រំដែនខ្មែរថៃ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ឃើញថាទីក្រុងមួយនេះ មានសន្ទុះខ្លាំងទាក់ទងទៅនឹងវិស័យសំណង់ និងអចលនទ្រព្យ។ បន្ថែមពីនេះ ក្រុងមួយនេះ បានទាក់ទាញគម្រោងវិនិយោគធំៗជាច្រើន បានបន្តហូរចូលទៅកាន់ទីនោះ៕



ចែករំលែក