ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ក្រុមហ៊ុន Fou Du Fou របស់ប្រទេសបារាំងគ្រោងបោះទុនរាប់លានដុល្លារ វិនិយោគលើវិស័យទេសចរណ៍ ដោយការបង្កើត និងរៀបចំធ្វើជាទីកន្លែងសួនកម្សាន្តដ៏ធំប្រចាំនៅក្នុងខេត្តសៀមរាប បើទោះបីពិភពលោកកំពុងប្រឈមវិបត្តិសេដ្ឋកិច្ច និងការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប នៅក្នុងជំនួបពិភាក្សាការងារលើគម្រោងវិនិយោគវិស័យទេសចរណ៍ក្នុងខេត្ត ជាមួយអគ្គនាយកក្រុមហ៊ុន Incubateur Confluences ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះថា សក្តានុពលរបស់ខេត្តមួយនេះ គឺពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ដែលមានប្រជាពលរដ្ឋប្រមាណ ៨២ភាគរយជាប្រជាកសិករ ។
លោកបន្តថា ក្នុងវិស័យទេសចរណ៍នាឆ្នាំ២០១៨-២០១៩កន្លងទៅ ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិ មានការកើនឡើង ទៅតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ ។ ប៉ុន្តែក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ ដោយសារពិភពលោក ក៏ដូចជានៅកម្ពុជា បានជួបនូវវិបត្តិជម្ងឺឆ្លង Covid-19 ជាពិសេសនៅខេត្តសៀមរាប បានធ្វើឱ្យភ្ញៀវទេចរជាតិ និងអន្តរជាតិមានការធ្លាក់ចុះយ៉ាងគំហុក។
ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីការគាំទ្រលើគម្រោងវិនិយោគបង្កើតតំបន់កម្សាន្តដូចបានបង្ហាញខាងលើនេះ រួមជាមួយនឹងការព្យាយាមធ្វើការសម្របសម្រួលលើឯកសារច្បាប់ពាក់ព័ន្ធនានា ដែលធ្វើយ៉ាងជួយសម្រួល និងជំរុញឱ្យគម្រោងបានដំណើរការរលូន។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានថ្លែងថា សៀមរាប គឺជាទីរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ សម្បូរទៅដោយប្រាង្គប្រាសាទបុរាណជាច្រើន ហើយក៏ត្រូវបានពិភពលោកចាត់ទុកថា ជាតំបន់គោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ហើយថែមទាំងមានលទ្ធភាពក្នុងការអូសទាញការវិនិយោគនៅក្នុងវិស័យនេះផងដែរ។ ក្រៅពីនេះ ខេត្តសៀមរាបត្រូវបានចាត់ទុកជាប៉ូលទេសចរណ៍ទី១ របស់កម្ពុជា និងជាតំបន់ឧស្យាហកម្មគ្មានផ្សែង ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរយ៉ាងសំខាន់បំផុត រួមជាមួយនឹងការវិនិយោគលើវិស័យទេសចរណ៍មកពីបណ្តាប្រទេសនានាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ៕






