រដ្ឋបាលខេត្តប៉ៃលិន ចាប់ផ្ដើមសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនជាប់ប្រទេសថៃ

ចែករំលែក

ដោយ ៖ រ៉ាណេត

ប៉ៃលិន ៖ ផ្លូវក្រវ៉ាត់ព្រំដែន ដែលមានប្រវែងជាង ៥២០០ម៉ែត្រ ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន ចាប់ផ្តើមបើកការដ្ឋានសាងសង់ប្រកបដោយការយកចិត្តទុកដាក់ ដោយការក្រាលបេតុងអាមេ និងកៅស៊ូប្រភេទ DBST ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោកអភិបាលខេត្តប៉ៃលិន ផាន់ ចាន់ធុល បានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ផ្លូវ១ខ្សែនេះ គឺមានសារសំខាន់បំផុត ហើយក៏ជាកត្តាជួយជំរុញ និងបង្កើនកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ឱ្យកាន់តែប្រសើរជាងមុន។

លោកបានបញ្ជាក់ថា “នៅពេលដែលយើងស្ថាបនារួចរាល់ តំបន់ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា+ថៃ នឹងកាន់តែផ្តល់ឱកាសល្អជាច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញផ្សេងៗ រួមជាមួយនឹងកសិផលយកទៅលក់នៅលើទីផ្សារបានយ៉ាងស្រួល ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិវឌ្ឍន៍ ភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន”។

លោកបានមានប្រសាសន៍ទៀតថា “ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ននានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម”។

ផ្លូវក្រវ៉ាត់ព្រំដែន ដែលមានប្រវែងជាង ៥២០០ម៉ែត្រ មួយខ្សែនេះ មានទទឹង២៥ ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕


ចែករំលែក