ក្រុងព្រះសីហនុ កំពុងអភិវឌ្ឍន៍ខ្លួនក្លាយជាទីក្រុងពហុបំណងក្នុងល្បឿនដ៏លឿន

ចែករំលែក

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ អនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រុងព្រះសីហនុ បាន និងកំពុងពន្លឿនល្បឿនមួយដ៏លឿនក្នុងការប្រែក្លាយខ្លួនទៅជាទីក្រុងពហុបំណងក្នុងពេលដ៏ខ្លី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីជួបជាមួយក្រុមបច្ចេកទេសសាងសង់ផ្លូវនៅក្រុងព្រះសីហនុនៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះថា បច្ចុប្បន្នក្រុងព្រះសីហនុ បាន និងកំពុងតែអភិវឌ្ឍន៍ខ្លួនក្លាយជាទីក្រុងពហុបំណងយ៉ាងប្រាកដ និងមានសក្ដានុពលខ្ពស់។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ក្រុងព្រះសីហនុ បានដើរតួយ៉ាងសំខាន់ក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូន ដែលក្នុងនោះដឹកជញ្ជូនពីកំពង់ផែទឹកជ្រៅទៅកាន់កំពង់ផែសម្រាប់ដឹកជញ្ជូនតាមផ្លូវគោក ហើយដឹកជញ្ជូនពីកំពង់ផែផ្លូវគោកមកកាន់កំពង់ផែទឹកជ្រៅ ហើយលើសពីនេះក៏មានការដឹកជញ្ជូនតាមរយៈផ្លូវអាកាសផងដែរ ក្នុងការនាំយកផលិតផលពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទីផ្សារក្រៅប្រទេស ហើយដឹកជញ្ជូនផលិតផលពីក្រៅប្រទេសមកផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុកវិញ។

ក្រៅពីនេះ ព្រះសីហនុ ក៏ជាតំបន់គោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ហើយនៅថ្ងៃអនាគត អាចនឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំប្រទេស ដែលគោលបំណងមួយនេះ អ្នកជំនាន់ក្រោយគេអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្រេច ខណៈដែលនៅពេលបច្ចុប្បន្ននេះ សម្រាប់ការបម្រើឱ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចសំខាន់ៗចំនួន២ ដែលវិនិយោគ និងគ្រប់គ្រងដោយក្រុមហ៊ុនធំៗ២ប្រទេស គឺតំបន់សេដ្ឋកិច្ចពិសេសវិនិយោគដោយក្រុមហ៊ុនចិន និងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែទឹកជ្រៅ ដែលគ្រប់គ្រង និងវិនិយោគដោយក្រុមហ៊ុនជប៉ុន៕


ចែករំលែក