ដោយ ហ្សូលី
ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅបន្តដំណើរការស្ថាបនាជាធម្មតា គិតមកទល់ពេលនេះសម្រេចបានជាង ៤០ ភាគរយហើយ ស្របតាមផែនការដែលបានគ្រោងទុកដដែល។

ការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅមកដល់ពេលនេះ សម្រេចបាន ៤១ភាគរយហើយ។ ទន្ទឹមនេះ ដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្ដាលនៃផ្លូវក្រោមដីនេះ ក្រោយពីផ្នែកសាងសង់ផ្លូវក្រោមដីបានស្ថាបនារួចរាល់នោះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឱ្យប្រជាពលរដ្ឋមេត្តាយោគយល់ពីការពង្វាងចរាចរនៅតំបន់នេះរយៈពេល ២ខែ ដោយចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។
ថ្វីត្បិតតែកម្ពុជាបានជួបប្រទះនឹងការរាតត្បាតជំងឺ Covid-19 ក្តី ប៉ុន្តែការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះនៅតែបន្តដំណើរការស្ថាបនាជាធម្មតា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ធ្លាប់បានមានប្រសាសន៍ថា ការស្ថាបនាស្ពាននេះមានគោលបំណងដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងរាជធានីភ្នំេពញ ព្រោះនៅចំណុចរង្វង់មូលចោមចៅនេះមានភាពកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃ ទោះបីជាមានការអន្តរាគមន៍ប្រចាំការពីនគរបាលចរាចរណ៍ក៏ដោយ។ លោកថា ចំណុចរង្វង់មូលមានសារៈសំខាន់ណាស់ ព្រោះវាជាផ្លូវដ៏សមខាន់ក្នុងការជួយទ្រទ្រង់ការដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ចកម្ពុជា។

គម្រោងស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ គឺជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ ខាងមុខនេះ។
បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦កន្លែង រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននិងកំពុងសម្រុកដំណើរការសាងសង់យ៉ាងសកម្មផងដែរ៕







