រដ្ឋាភិបាលសម្រេចបញ្ចុះពន្ធកាត់ទុកលើការប្រាក់កម្ចីក្នុង និងក្រៅស្រុកមកត្រឹម ៥ភាគរយ

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានសម្រេចបញ្ចុះពន្ធកាត់ទុកលើការប្រាក់កម្ចីទាំងក្នុង និងក្រៅស្រុកពីអត្រា ១៥ភាគរយ, ១៤ភាគរយ មកនៅត្រឹម ៥ភាគរយសម្រាប់កម្ចីថ្មីរហូតដល់ដំណាច់ឆ្នាំ២០២០។

តបតាមសំណើរបស់ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្ធូរបន្ថយលើការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្តល់កម្ចីក្នុង និងក្រៅស្រុកពីអត្រា ១៥ភាគរយ និង ១៤ភាគរយ មកត្រឹម ៥ភាគរយ សម្រាប់កម្ចីថ្មីដោយអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា យោងតាមស្ថានភាពជាក់ស្ដែងនៃការរីករាលដាលនៃវិបត្តិជំងឺឆ្លង Covid-19 ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់គ្រប់វិស័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុញ្ញាតបន្ថយអត្រាពន្ធកាត់ទុកលើការប្រាក់ចំពោះការទូទាត់ឱ្យបុគ្គលនិវាសនជន និងអនិវាសជន ជូនស្ថាប័នហេរញ្ញវត្ថុ ដោយមានការបែងចែកផ្សេងគ្នា។

នៅក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំពោះកម្ចីចាស់ កំណត់តាមអត្រា ១០ភាគរយ ដោយអនុវត្តចាប់ពីខែមេសា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០តែប៉ុណ្ណោះ។ ដោយឡែកចំពោះកម្ចីថ្មី ត្រូវកំណត់អត្រា ៥ភាគរយ ដោយអនុវត្តចាប់ពីខែមេសា រហូតដល់ដំណាច់ឆ្នាំ២០២០ បន្ទាប់មកអត្រា ១០ភាគរយ អនុវត្តចាប់ពីខែមករា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ និងចាប់ពីឆ្នាំ២០២២ តទៅ ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចពន្ធកាត់ទុកតាមអត្រាធម្មតាស្របតាមច្បាប់ និងបទបញ្ញត្តិស្ដីពីពន្ធដារជាធរមាន។ ប៉ុន្តែក្នុងករណីដែលសហគ្រាសទាំងឡាយណា ដែលធ្វើការទូទាត់សងបំណុលចាស់មុនកិច្ចសន្យាដល់កាលកំណត់ដើម្បីបង្កើតកិច្ចសន្យាថ្មី នឹងមិនទទួលបានការអនុគ្រោះលើកទឹកចិត្តនោះឡើយ។ ប្រសិនបើសហគ្រាសណាបានប្រព្រឹត្តអំពើជៀសវាងពន្ធបែបនេះនឹងត្រូវបង់ពន្ធ និងទទួលរងទោសទណ្ឌស្របតាមច្បាប់ និងបទបញ្ញត្តិស្ដីពីសារពើពន្ធជាធរមាន។

ទីប្រឹក្សាផ្ទាល់ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា ការសម្រេចរបស់រាជរដ្ឋាភិបាលទៅការបន្ធូរបន្ថយលើកអត្រាពន្ធកាត់ទុកលើការប្រាក់ខាងលើនេះ គឺជាការចូលរួមចំណែកក្នុងការស្ដារ និងលើកទឹកចិត្តដ៏ធំធេងរបស់រាជរដ្ឋាភិបាលមកលើវិស័យឯកជន។

លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “ការសម្រេចរបស់រាជរដ្ឋាភិបាល គឺដើម្បីដោះស្រាយផលប៉ះពាល់ពេលកំពុងមានវិបត្តិ និងក្រោយវិបត្តិ Covid-19 ដែលធ្វើឱ្យការកៀងគរជំនួញកម្ចីពីបរទេសដើម្បីទ្រទ្រង់វិស័យឯកជន ក៏ដូចជាវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ និងជួយឱ្យវិស័យសេដ្ឋកិច្ចរឹងមាំ ដែលក្នុងករណីនេះគឺរាជរដ្ឋាភិបាលបានគិតគ្រប់ជ្រុងជ្រោយក្នុងការគាំពារលើវិស័យឯកជនយ៉ាងសំខាន់”៕


ចែករំលែក