ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងសាងសង់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ បច្ចុប្បន្ន កំពុងតែបន្តសកម្មភាពសាងសង់យ៉ាសកម្មជាមួយនឹងការសម្រេចបានលទ្ធផលប្រមាណ៣០ភាគរយ។
ជាមួយនឹងវឌ្ឍនភាពនៃគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណកម្មការរៀបចំទីតាំងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ដោយរួមដំណើរដោយអគ្គនាយកក្រុមហ៊ុន OCIC ពុង ឃាវសែ ដែលជាអ្នកវិនិយោគនៅក្នុងគម្រោងនេះ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា វាជាភព្វសំណាងរបស់ខេត្តកណ្តាលដែលប្រមុខនៃរាជរដ្ឋាភិបាលបានជ្រើសរើសសម្រាប់អភិវឌ្ឍន៍ទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលធ្វើឱ្យខេត្តមួយនេះកាន់តែទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យចូលមកបណ្តាក់ទុនវវិនិយោគនៅក្នុងខេត្តកាន់តែច្រើនក្នុងនាមជាគម្រោងវិនិយោគដ៏ធំលំដាប់ទី១ របស់ខេត្តកណ្តាលផងដែរ ។
លោកបានបញ្ជាក់ថា គម្រោងព្រលានយន្តហោះថ្មីបានសាង់សង់លើផ្ទៃដីទំហំ ២៦០០ ហិកតា ដែលស្ថិតនៅខេត្តកណ្តាល និងតាកែវ។ ទំហំដីនៅខេត្តកណ្ដាល ២២២៧ ក្បាលដី = ២៤៤១ ហិកតា និងខេត្តតាកែវ ៣៦០ ក្បាលដី = ១៥៨ ហិកតា ជាមួយនឹងទុនវិនិយោគ ១៥០០លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣។
ពាក់ព័ន្ធទៅនឹងផលប៉ះពាល់នៃគម្រោង រដ្ឋបាលខេត្តកណ្តាល បានដោះស្រាយបញ្ហាសំណង់មិនរៀបរយជាមួយប្រជាពលរដ្ឋនៅក្នុងដីព្រលានសរុប ១៧៦ គ្រួសារ ក្នុងនោះ ១១គ្រួសារ ទទួលប្រាក់គោលនយោបាយ ២០០០$ក្នុង១គ្រួសារ និង១៦៥ គ្រួសារទៀត ទទួលយកការដោះដូរដីទៅកន្លែងផ្សេងសម្រាប់សង់លំនៅដ្ឋានរស់នៅ ដោយរាល់ការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះនៅក្នុងខេត្តកណ្តាល ឈរលើការយោគយល់ និង ដោះស្រាយដោយសន្តិវិធី ដោយពុំឱ្យប្រជាពលរដ្ឋរូបណាម្នាក់ពិបាកនោះទេ។
ព្រលានយន្តហោះថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះ នឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ៕






