ដោយៈ រ៉ាណេត
កំពតៈ គម្រោងសាងសង់ផ្លូវមួយខ្សែ នៅតាមតំបន់បណ្តោយឆ្នេរសមុទ្រខេត្តកំពត នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ ជាមួយការយកចិត្តទុកដាក់ទៅលើការដោះស្រាយពីផលប៉ះពាល់នានា នៅក្នុងគម្រោងស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផលប៉ះពាល់លើគម្រោងការសាងសង់ផ្លូវមួយខ្សែ ដែលមានទីតាំងដូចបានបញ្ជាក់ខាងលើនេះថា គម្រោងសាងសង់ផ្លូវនេះនៅពេលសាងសង់រួច គឺជាផ្លូវមានសារៈសំខាន់ នាំមកផលប្រយោជន៍ដល់សាធារណៈទូទៅជាច្រើន។
លោកបានបញ្ជាក់ថា “តាមរយៈផ្លូវមួយខ្សែនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាយុទ្ធសាស្ត្រ នៃរនាំងការពារ ដីឆ្នេរនិងព្រៃកោងកាង មាត់សមុទ្រពីការរំលោភបំពាននានា”។ លោកបន្តថា “មិនតែប៉ុណ្ណោះក៏នាំមកនូវជាហេដ្ឋារចនាសម្ព័ន្ធដែលជាសក្ដសនុពល បម្រើដល់វិស័យទេសចរណ៍ សម្រាប់បង្កើនជីវភាពសេដ្ឋកិច្ចគ្រួសារដល់ប្រជាពលរដ្ឋក្នុងសហគមន៍នេសាទ នៅតំបន់នោះទៀតផង”។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ការងារអភិវឌ្ឍន៍អ្វីមួយ ត្រូវមានការចូលរួមគិត ចូលរួមធ្វើ ចូលរួមទទួលខុសត្រូវ នឹងចូលរួមទទួលផលប្រយោជន៍ទាំងអស់គ្នា ក្នុងនោះគឺការផ្ដល់ផលប្រយោជន៍ដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសហគមន៍នៃតំបន់អភិវឌ្ឍន៍នេះ។ លោកបានបន្តទៀតថា “បញ្ហាផ្លូវ គឺជាការងារអាទិភាព ក្នុងវិស័យអាទិភាពមួយចំនួន នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល មានផ្លូវមានក្ដីសង្ឃឹម នេះផ្អែកតាមចក្ខុវិស័យ ដឹកនាំប្រទេសជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង។ គម្រោងអភិវឌ្ឍន៍អ្វីមួយ ត្រូវតែមានការចូលរួមមតិយោបល់ពីជំនាញ អាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋាន អំពីផលប្រយោជន៍ វិជ្ជមាននិងអវិជ្ជមាន។
នៅក្នុងកិច្ចប្រជុំខាងលើនេះ រដ្ឋបាលខេត្តក៏បានបញ្ជាក់ប្រាប់ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន មុនពេលចាប់ដំណើរការគម្រោងសាងសង់ផ្លូវនេះ ត្រូវជួបជាមួយប្រជាពលរដ្ឋតាមរយៈអង្គការសាធារណៈ សំដែងការចូលរួមគាំទ្រ ក្នុងការទទួលផលប្រយោជន៍ពីផ្លូវនេះ ហើយក៏ត្រូវលើកជាប៉ាណូផ្សាយឲ្យបានទូលំទូលាយ សាងក្នុងការដ្ឋានសាងសង់ជៀសវាងការយល់ច្រឡំ ពីមតិសាធារណជនវាយតម្លៃពីភាព អវិជ្ជមានណាមួយមកលើអាជ្ញាធរមូលដ្ឋាន និងខេត្តក៏ដូចជាមន្ត្រីជំនាញគ្រប់គ្រងនៃតំបន់នោះផងដែរ៕