ដោយ ៖ រ៉ាណេត
បន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋភិបាល ខេត្តបន្ទាយមានជ័យ ទទួលបានអាជ្ញាប័ណ្ណផលិតប្រភពថាមពលកកើតឡើងវិញ គឺជាថាមពលដើរដោយពន្លឺព្រះអាទិត្យមានអនុភាព ៣០មេហ្គាវ៉ាត់ គ្រោងនឹងដាក់ដំណើរការប្រើប្រាស់នៅត្រឹមអំឡុងខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដែលអាចជួយកាត់បន្ថយការទិញអគ្គិសនីពីប្រទេសថៃ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត នៅទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា នៅត្រឹមអំឡុងខែតុលា ឆ្នាំ២០២០ខាងមុខ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ វិនិយោគដោយក្រុមហ៊ុន Ray Power Supply Co., Ltd ក្នុងទំហំទឹកប្រាក់ចំនួន ២៨,៨លានដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិសំរោងធំ ភូមិឬស្សីកណ្តាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោកបានមានប្រសាសន៍បញ្ជាក់ថា “បច្ចុប្បន្ន បរិមាណថាមពលសម្រាប់ប្រើប្រាស់នៅទូទាំងខេត្តបន្ទាយមានជ័យគឺមានរហូតដល់១០០មេហ្គាវ៉ាត់ ដែលមានការផ្គត់ផ្គង់២ប្រភពផ្សេងគ្នា គឺប្រភពក្នុងស្រុក (បណ្តាញជាតិ) និងប្រភពពីប្រទេសថៃ ដែលមានអាជ្ញាប័ណ្ណអគ្គិសនីចំនួន២៣ ផ្គត់ផ្គង់ចំនួន ៦៤៥ភូមិ ស្មើនឹងប្រមាណ៩៨ភាគរយនៅទូទាំងខេត្ត”។
លោកអភិបាលខេត្តបានបន្តទៀតថា “ជាមួយនឹងការបើកដំណើរការប្រើប្រាស់ និងផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់រោងចក្រផលិតថាមពលកើតឡើងវិញនេះ នឹងលក់ទៅឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ដើម្បីធ្វើការចែកចាយនៅក្នុងតំបន់តាមរយៈសេវាកររបស់ខ្លួនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងស្ថិតនៅក្នុងលក្ខខណ្ឌនៃច្បាប់ដែលបានកំណត់”។
បច្ចុប្បន្ននេះ នៅក្នុងបរិមាណថាមពលអគ្គិសនីដែលមានតម្រូវការនៅក្នុងខេត្តបន្ទាយមានជ័យសរុបប្រមាណ១០០មេហ្គាវ៉ាត់ បានចែកចាយទៅដល់អតិថិជនគោលដៅដែលកំពុងប្រើប្រាស់មានចំនួន ១៣៧ ៧៣៩ គ្រួសារ ក្នុងចំណោម ១៩១ ៧២៣គ្រួសារសរុបនៅទូទាំងខេត្ត ស្មើនឹងប្រមាណ ៧២ភាគរយ៕







