អភិបាលខេត្តបន្ទាយមានជ័យ បង្ហើបពីនីតិវិធីស្នើសុំអាជ្ញាប័ណ្ណសាងសង់

ចែករំលែក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ប្រជាពលរដ្ឋទូទៅអាចស្នើសុំសិទ្ធិសាងសង់លំនៅឋានរបស់ខ្លួនបាននៅលើដីដែលមានផ្ទៃក្រឡាប្រមាណ ៥០០ ម៉ែត្រការ៉េ និងមានកំពស់ត្រឹម៤ជាន់ នៅត្រឹមថ្នាក់ស្រុកបាន ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំដល់ថ្នាក់ខេត្តនោះទេ ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តនាពេលបច្ចុប្បន្ននេះ មានលទ្ធភាពគ្រប់គ្រាន់ និងងាយជាទីបំផុតក្នុងការសាងសង់លំនៅឋានដែលមានកំពស់ ៤ ជាន់ ដោយមិនចាំបាច់ស្នើសុំសាងសង់ដល់ថ្នាក់ខេត្តនោះទេ” ។

លោកអភិបាលខេត្តបានពន្យល់ថា “ក្នុងន័យនេះ ប្រជាពលរដ្ឋត្រូវមានប្លង់កម្មសិទ្ធិ និងមានវិស្វករគូរប្លង់ឱ្យបានត្រឹមត្រូវ ហើយដាក់ស្នើនៅច្រកចេញចូលតែមួយត្រឹមថ្នាក់ស្រុក ជាមួយគ្នានេះ លោកអភិបាលស្រុកនឹងពិនិត្យថាត្រឹមត្រូវហើយ គាត់អាចចុះហត្ថលេខាអនុញ្ញាតឱ្យសាងសង់បានហើយ។ នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងបង្ខិតសេវាឱ្យកាន់តែនៅគៀកនឹងប្រជាពលរដ្ឋ និងធ្វើឱ្យកាន់តែល្អប្រសើរក្នុងការផ្តល់សេវាសាធារណៈជូនដល់ពលរដ្ឋ”។

លោកអភិបាលខេត្ត បញ្ជាក់ទៀតថា ខេត្តបន្ទាយមានជ័យ តាមរយៈពន្ធដារខេត្តបានប្រមូលចំណូលពីសេវាអចលនទ្រព្យ (ដីធ្លី) ជាពិសេស លើការកាត់ប្លង់ដី ផ្ទេរកម្មសិទ្ធិដី និងសំណង់ជាដើម មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តមានការរីកចំរើន ។

លោកបន្តថា គិតត្រឹមខែមេសា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារខេត្តបន្ទាយមានជ័យបានប្រមូលចំណូលបានជាង ៧០ ភាគរយនៃផែនការពីវិស័យនានា ជាពិសេសពីវិស័យអចលនទ្រព្យនេះ៕


ចែករំលែក