ដោយ ៖ វុត្ថា
ភ្នំពេញ ៖ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២០ មានអតិថិជនចំនួន ១៩៦ ៣០៧នាក់ ដែលរងផលប៉ះពាល់ដោយជំងឺ Covid-19 បានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើការរៀបចំឥណទាន (កម្ចី)ឡើងវិញ។
នៅក្នុងរបាយការណ៍របស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អតិថជនចំនួន ១៨០ ៣០១ (ជាង៩០ភាគរយ) ទទួលបានការអនុម័តរៀបចំឥណទានឡើងវិញ ដែលមានទំហំទឹកប្រាក់សរុបចំនួន ៨១៧ ៧២៥ ៤៣៦ ដុល្លារ ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ បានឱ្យដឹងថា សមាជិករបស់សមាគម ទាំង ១០៣ គ្រឹះស្ថាន បានបង្ហាញការប្តេជ្ញាចិត្ត និងដោះស្រាយបញ្ហាជាមួយអតិថិជនរបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ក្នុងអំឡុងពេលដ៏លំបាកដោយសារជំងឺ Covid-19 ស្របតាមការអំពាវរបស់រាជរដ្ឋាភិបាលក៏ដូចជាធនាគារជាតិនៃកម្ពុជាផងដែរ។
លោកបន្តថា គ្រឹះស្ថានហិរញ្ញវត្ថុ មានទិសដៅរួមមួយ គឺចង់ឃើញអតិថិជនរបស់ខ្លួនទទួលជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព “ភាពជោគជ័យរបស់អតិថិជន ជាភាពជោគជ័យរបស់គ្រឹះស្ថាន” ។ សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ចាប់ពីខែមីនា ឆ្នាំ២០២០ សមាគម បានប្រមូលទិន្នន័យការរៀបចំឥណទានឡើងវិញជារៀងរាល់សប្ដាហ៍ពីសមាជិករបស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។
ទិន្នន័យទាំងនេះត្រូវបានប្រមូលឡើងក្នុងគោលបំណងតាមដានផលប៉ះពាល់ជាក់ស្ដែងពីវិបត្តិជំងឺ Covid-19 ទៅលើអតិថិជន ការគាំពារអតិថិជនរបស់គ្រឹះស្ថានដែលជាសមាជិក និងការវិវត្តទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដើម្បីធ្វើការវាយតម្លៃ និងផ្ញើរបាយការណ៍ជូនភាគីពាក់ព័ន្ធ៕






